កម្ពុជាបានអនុវត្តន៍កាតព្វកិច្ចជាង ៤០% នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម អង្គការពាណិជ្ជកម្មពិភពលោក


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តន៍ជាង ៤០% សម្រាប់បញ្ញត្តិផ្នែក A នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលបញ្ញត្តិផ្នែក B និង C ផ្តោតលើការងារកំណែទម្រង់អទិភាព នឹងត្រូវជូនដំណឹងទៅកាន់អង្គការ WTO ដើម្បីកៀងគរជំនួយបច្ចេកទេសនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលាស្តីពីការអនុវត្ត WTO TFA ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។ សិក្ខាសាលានេះ ក៏មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានប្រមាណ ១០០នាក់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនសិក្ខាកាមថា TFA ត្រូវបានចូលជាធរមាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការផ្តល់សច្ចាប័នចំនួន ១១២ ដែលស្មើនឹង ២/៣ ក្នុងចំណោមសមាជិក ១៦៤ប្រទេសនៃអង្គការ WTO។ «TFA គឺជានីតិវិធីថ្មីទាក់ទងនឹងព្រំដែន, វិធីសាស្ត្រ និងកាតព្វកិច្ចដែលតម្រូវឲ្យរដ្ឋាភិបាលអនុវត្តន៍។ កិច្ចព្រមព្រៀងនេះ ផ្តល់នូវតម្លាភាពផ្នែកច្បាប់, វិធាន, និងនីតិវិធី ព្រមទាំងសមភាពក្នុងការសម្រេចចិត្តរបស់ភ្នាក់ងារតាមព្រំដែន, សម្រួលការបំពេញបែបបទគយ និងកាត់បន្ថយឧបសគ្គរដ្ឋបាលសម្រាប់ការដឹកទំនិញឆ្លងកាត់» ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍។
«ការអនុវត្តន៍ TFA នឹងកាត់បន្ថយចំណាយលើពាណិជ្ជកម្មសាកល ជាមធ្យមប្រហែល ១៤,៣% ក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច នឹងទទួលបានផលប្រយោជន៍ច្រើនពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះ ដោយសារប្រទេសទាំងនោះបានចំណាយខ្ពស់លើការធ្វើពាណិជ្ជកម្ម» ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែម។
គួរំលឹកដែរថា ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ និងជាសមាជិកទី៦៩ របស់អង្គការ WTO ដែលបានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្ម TFA កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ការផ្តល់សច្ចាប័ននេះ បានបង្ហាញពីការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទាំងនៅថ្នាក់តំបន់ និងសកលលោក តាមរយៈការស្វែងរកវិធីពន្លឿនការដឹកទំនិញ, ការបញ្ចេញទំនិញ និងការសម្រួលបែបបទគយ ព្រមទាំងការដឹកទំនិញឆ្លងកាត់ព្រំដែន៕