ក្រសួងសុខាភិបាលចេញប្រកាសផ្លូវការ៖ បង្ហាញអត្តសញ្ញាណបុគ្គលិកហាង Pedro ទាំង៦នាក់ដែលឆ្លងកូវីដ១៩ និងករណីវិជ្ជមានកូវីដចំនួន៤នាក់ទៀត នាំចូលពីក្រៅប្រទេស


ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ផ្សេងទៀត នាំចូលពីក្រៅប្រទេស។

បុគ្គលិកហាង Pedro ដែលឆ្លងកូវីដ១៩នោះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
៖ បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក ។
៖ ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
៖​ បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ ។
៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។

បច្ចុប្បន្នអ្នកទាំង៦នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥នាក់ និងម្នាក់ទៀតដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំង៤នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ រួមមាន៖

១៖ បុរសជនជាតិខ្មែរឈ្មោះ ម៉ីវ សុគន្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

២៖ បុរសជនជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

៣៖ បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៤៩នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលបីនាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន៤៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នង ចំនួន ១៤នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២នាក់។

៤៖ បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនេះ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៨នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៤៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុង រាជធានីភ្នំពេញចំនួន១៦នាក់ និងនៅសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន៣១នាក់ ។

នៅថ្ងៃនេះ ក្រសួងសុខភិបាលបានប្រកាសពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ គឺលោកស្រី គឹម លីម អាយុ៤៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែលបានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕