គម្រោងវិនិយោគថ្មីចំនួន៥ទៀត ត្រូវបានអនុម័តឲ្យដំណើរការ សរុបទុនវិនិយោគជាង១២០លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ខ្លួនទើបអនុម័តគ្រោងវិនិយោគថ្មីចំនួន៥ទៀត ដែលមានទុនវិនិយោគសរុប ១២១លានដុល្លារអាមេរិក ដែលក្នុងនោះមានរោងចក្រផលិតស្រាបៀរថ្មីមួយ តម្លៃ៧៨លានដុល្លារ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

CDC បានចុះផ្សាយក្នុង Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ CHUNTENG INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២៖ BLISSFULL CAPITAL CO., LTD គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣៖ SING FU SUN (CAMBODIA) PLASTIC CO., LTD គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។

៤៖ RUIZEXING CHEMICAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

៥៖ INTER-MATTRID BEVERAGE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង៕