ការអភិវឌ្ឍន៍នៅតំបន់កោះរ៉ុង សាងសង់ដោយក្រុមហ៊ុន Royal Group ដំណើរការសាងសង់យ៉ាងរលូន ខណៈផ្លូវបេតុងសម្រេចបាន៣០ភាគរយ


របាយការណ៍របស់ក្រុមហ៊ុន Royal Group ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បង្ហាញថា ការសាងសង់ផ្លូវបេតុង ប្រវែង៧០គីឡូម៉ែត្រនេះ កំពុងដំណើរការទៅយ៉ាងរលូន បើទោះបីកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប៉ុន្ដែមិនបង្កនូវការរាំងស្ទះដល់ដំណើរការនេះឡើយ។

រហូតមកដល់ពេលនេះ ដំណើរការសាងសង់បានជិត៥ខែ ហើយសម្រេចលទ្ធផលបានជាង៣០ភាគរយ នៃផែនការកំណត់ ខណៈមន្ដ្រីជំនាញ អះអាងថា ដំណើរការនេះនឹងសម្រេចទៅដោយរលូន ដូចអ្វីដែលបានគ្រោងទុក។

ក្រុមហ៊ុន Royal Group Koh Rong Development Company របស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Sinohydro Corporation Limited។

កិច្ចព្រមព្រៀងគម្រោងសាងសង់ផ្លូវបេតុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាចំនួន ៣៥លានដុល្លារអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១០។

ថ្លែងក្នុងពិធីចុះហត្ថលេខាកន្លងទៅ ឯកឧត្តម គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Sinohydro Corporation Limited ដែលបានរួមគ្នាសាងសង់នូវផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រនេះ។ ឯកឧត្តមបន្តថា ផ្លូវនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង និងភ្ញៀវទេសចរដែលមកម្សាន្តនៅកោះរ៉ុងផងដែរ។

ឯកឧត្តម គួច ចំរើន បានលើកឡើងទៀតថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានអភិវឌ្ឍន៍នៅតំបន់កោះរ៉ុងយ៉ាងច្រើន ដោយផ្ដើមចេញពីការកសាងសណ្ឋាគារផ្កាយ៥ ដែលមកដល់ពេលនេះ បន្ដការសាងសង់ផ្លូវប្រវែង៧០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យគោលអភិវឌ្ឍន៍មានច្រើនជាបន្ដបន្ទាប់ទៀត ដូចជា អគ្គិសនី ទឹកស្អាត និងព្រលានយន្ដហោះជាដើម។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាតំណាងរបស់ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហញនូវក្ដីសង្ឃឹមថា ទន្ទឹមនឹងការសាងសង់ផ្លូវបេតុង៧០គីឡូម៉ែត្រនេះ អ្នកឧកញ៉ា គិត ម៉េង នឹងខិតខំចាប់ផ្តើមអភិវឌ្ឍន៍ គម្រោងផ្សេងៗទៀត ដើម្បីប្រែក្លាយកោះរ៉ុង ទៅជាទីក្រុងមួយដ៏ស្រស់បំព្រង មានផាសុខភាពល្អ តាមបែបធម្មជាតិ នៃឆ្នេរខ្សាច់ និងព្រៃប្រឹក្សានៅទីនោះ សំដៅទាក់ទាញ ឱ្យកាន់តែច្រើនឡើងនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងលំហែកាយនៅកោះរ៉ុង។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕