អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនាលូរំដោះទឹកចេញពីក្រុងកំពង់ចាម ខណៈលទ្ធផលសាងសង់បាន ៨០ភាគរយ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងក្រុមការងារ មន្ត្រីជំនាញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០នេះ បានចុះពិនិត្យការស្ថាបនាឡើងវិញ លូរំដោះទឹកចេញពីក្រុងកំពង់ចាម ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានបាក់ស្រុតក្នុងរដូវវស្សានាពេលកន្លងមក។

បើតាមលោក ប៊ុន លី ប្រធានការិយាល័យលូ និងស្ថានីយចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឱ្យដឹងថា លូរំដោះទឹកនោះមកដល់បច្ចុប្បន្នសាងសង់បានលទ្ធផល ៨០ភាគរយហើយ នឹងគ្រោងសាងសង់បង្ហើយនៅពាក់កណ្ដាល ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

លោក ប៊ុន លី បានបន្តថា ការស្ថាបបន្តដោយត្រូវចាក់បេតុង ជុំវិញចង្កេះប្រព័ន្ធលូថ្មី និងចាក់បេតុងគ្រប់ពីលើមួយជាន់ទៀតមានប្រវែង ៨០ម៉ែត្រ ចាប់ពីមាត់អណ្ដូងលូចាស់ ទៅដល់ក្នុងទន្លេ ហើយត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមានមុខកាត់លូនីមួយៗ មានទំហំ០,៨ម៉ែត្រ និងសង់អណ្ដូងលូបណ្ដែតចំនួន ២បន្ថែមទៀត ដើម្បីការពារការស្ទះទឹកហូរ។

គួររំឭកថា ដោយសារជំនន់ទឹកភ្លៀង កាលពីវេលារំលងអាធ្រាត្រថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចលូបង្ហូរទឹក នៃសួនច្បារមាត់ទន្លេនោះបានបាក់ស្រុតហើយករណីនោះ ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា បណ្ដាលមកពីប្រព័ន្ធលូបង្ហូរទឹកមានសភាពចាស់ទ្រុឌទ្រោម ពោលគឺប្រព័ន្ធលូនេះបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ ម្យ៉ាងទៀតនៅយប់កើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ៕