ក្រសួងសុខាភិបាល អនុញ្ញាតឱ្យបើកធនាគារកាណាឌីយ៉ា នៅថ្ងៃទី០៩ ខែធ្នូ ខាងមុខនេះ ក្រោយផ្អាកមួយរយៈដោយសាររកឃើញកូវីដ១៩


ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវ ធនាគារកាណាឌីយ៉ា ដែលមានទីតាំងក្នុងអគារកាណាឌីយ៉ា ដែលត្រូវបានបិទបណ្តោះអាសន្ននាពេលកន្លងមក បន្ទាប់ពីរកឃើញមនុស្សម្នាក់ធ្វើការ នៅធនាគារចិនក្នុងអគារនេះ មានផ្ទុកកូវីដ១៩។

ក្នុងលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង ផ្ញើទៅកាន់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា តាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធនាគារកាណាឌីយ៉ានឹងត្រូវដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តទៅ។

ទោះជាយ៉ាងនេះក្តី សម្រាប់ធនាគារចិន ដែលស្ថិតនៅក្នុងអគារកាណាឌីយ៉ា ដែលមានបុគ្គលិកម្នាក់មានផ្ទុកកូវីដ១៩ នឹងត្រូវបិទដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមលិខិត លោក ម៉ម ប៊ុនហេង។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង, សម្រាប់បុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩៕