រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ ប្ដេជ្ញាបន្តធ្វើយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដនៅតាមមូលដ្ឋានឱ្យដូចភ្លៀងរលឹម


អនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំរបស់ក្រសួងសុខាភិបាល និងការណែនាំបន្ថែមរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំផងនោះ រដ្ឋបាលស្រុកស្ទោងបានប្ដេជ្ញាបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ-ឃុំនានាឱ្យដូចភ្លៀងរលឹម សំដៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះឱ្យខាងតែបាន។

ជាក់ស្ដែងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក ណែត សារី អភិបាលស្រុកស្ទោង បានដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឃុំសំព្រោច និងឃុំទ្រា ដោយបានចុះណែនាំដល់អាជីវករនានា ម្ចាស់ភោជនីដ្ឋាន អាហារដ្ឋានជាដើម។

នាឱកាសនោះ លោក ណែត សារី និងក្រុមការងារបានណែនាំដល់ប្រជាពលរដ្ឋត្រូវតែមានសម្ភារៈ និងបរិក្ខារអនាម័យផ្សេងៗ ដូចជាម៉ាស់ ជែល អាល់កុល កន្លែងលាងដៃ ធុងសំរាម ផ្ទាំង-ស្លាកអប់រំស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលរបស់ជំងឺកូវីដ-១៩ សម្រាប់ឱ្យភ្ញៀវ ឬអតិថិជនបានប្រើប្រាស់ លាងសម្អាត ក៏ដូចជាបានយល់ដឹងពីជំងឺនេះគ្រប់គ្នា។

ក្រៅពីនោះ លោកអភិបាលស្រុក និងក្រុមការងារក៏បាននាំយកទឹកអាល់កុលទៅបាញ់លាងសម្អាតដៃរបស់ប្រជាពលរដ្ឋ នៅក្នុងផ្សារនានានៃឃុំទាំងពីរខាងលើ ព្រមទាំងចាក់សំឡេងសារផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល តាមមេក្រូគ្រប់ភូមិ-ឃុំផងដែរ។

លើសពីនេះ លោកអភិបាលស្រុកបានណែនាំឱ្យអាជីវករ និងម្ចាស់ភោជនីដ្ឋាន ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូបត្រូវមានអនាម័យខ្ពស់ អនុវត្តតាមបទបញ្ជាក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ទទួលខុសត្រូវឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍គ្មានជំងឺកូវីដ-១៩។

លោក ណែត សារី បានសង្កត់ធ្ងន់ថា ប្រសិនបើអាជីវករណាម្នាក់ៗមិនបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលទេ រដ្ឋបាលស្រុកនឹងចុះមកបញ្ឈប់អាជីវកម្មបណ្ដោះអាសន្នភ្លាម តែលោកសង្ឃឹមថាអាជីវករទាំងអស់នឹងសហការអនុវត្តឱ្យបានគ្រប់ៗគ្នា៕