អភិបាលរាជធានីភ្នំពេញ ចូលរួមមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង លើកទី៤០ នៅប្រទេសទុយនីស៉ី តាមប្រព័ន្ធវីដេអូ


កម្មវិធីមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង លើកទី៤០ នៅឆ្នាំ២០២០នេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនីស៉ី ប្រទេសទុយនីស៉ី ហើយកិច្ចប្រជុំនេះមានការចូលរួមប្រជុំដោយផ្ទាល់ និងការប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង មកពីបណ្តាលទីក្រុង ចំនួន១៣០ស្មើ និង១៣០ប្រទេស ដែលជាទីក្រុងប្រើប្រាស់ភាសាបារាំង បើទោះបីលើពិភពលោកប្រឈមនឹងជំងឺកូវីដ។

ដោយឡែកនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្រាប់រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនេះ តាមរយៈការបញ្ជូនរូបភាព និងសំឡេង នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សាក្នុងកម្មវិធីមហាសន្និបាតនេះ។

កិច្ចប្រជុំត្រូវបានបែងចែកជា៣ផ្នែកធំៗ៖ ទី១៖សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល, ទី២៖កិច្ចប្រជុំការិយាល័យកន្ត្រៃលើកទី៩២ របស់សមាគមAIMF និងទី៣៖កម្មវិធីបើកមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF។

ពាក់ព័ន្ធនឹងពិធីបើកសន្និបាត ស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថលនេះ គឺជាមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ហើយសមាគម AIMF តែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេស ក្រោមប្រធានបទដាច់ដោយឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀត សម្រាប់ឆ្នាំ២០២០នេះ។ សមាគម AIMF បានរៀបចំសន្និសីទមួយក្រោមប្រធានបទ ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល។

ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈការបញ្ជូនតាមរូបភាព និងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពី អត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចម្រើន យ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះ ក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។

គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី៩២ របស់សមាគមAIMF និងធ្វើឡើងក្រោមអធិបតីភាពលោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF៕