ក្រសួងបរិស្ថានប្រជុំតាមអនឡាញ ដើម្បីបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤


ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តន៍គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» កាលពីថ្ងៃ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ ដើម្បីបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤។

 

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកសហគមន៍មូលដ្ឋាន និងជានាយកគម្រោង លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ លោក លោកស្រី ជាសមាជិក​ក្រុមការងារអនុវត្តន៍គម្រោង ទីប្រឹក្សា និងក្រុមបេសកកម្មនៃ​ធនាគារពិភព​លោក(WB)​ សរុបចំនួន ៤៨នាក់។

កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលនៃបេសកកម្មលើកទី៤ ដែលបានអនុវត្តន៍ចាប់ពីថ្ងៃទី២-៩ ខែធ្នូ ឆ្នាំ២០២០ និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងមកទល់បច្ចុប្បន្ន ក្នុងនោះមាន៖ ការរៀបរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ គោលដៅទាំង៧ ប្រព័ន្ធព័ត៌មានគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត ការជំរុញឱកាសដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើ ការស្តារផ្លូវលំ​នៅជនបទ ដើម្បីតភ្ជាប់ទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ ការគ្រប់គ្រងអនុវត្តន៍គម្រោង សុវត្ថិភាព

បរិស្ថាន និងសង្គម ការត្រួតពិនិត្យ និងវាយតម្លៃ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោង។ តាមរយៈបេសកកម្មនេះ ក្រុមការងារធនាគារពិភព​លោក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើ និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអនុវត្តគម្រោង​មកទល់បច្ចុប្បន្ន ទោះបីកម្ពុជាកំពុងប្រឈមក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ដោយទឹកជំនន់ក្តី។ ទន្ទឹមនឹងនេះ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ដើម្បីពន្លឿនការអនុវត្តគម្រោង និងជំហានបន្ទាប់ ដែលក្នុងនោះរួមមាន ការពង្រឹងនូវការគិតគូរដល់សុវត្ថិភាពបរិស្ថាន និងសង្គម ការពន្លឿនសកម្មភាពខ្សែសង្វាក់អនុផលព្រៃឈើ និងការគ្រប់គ្រង និងពន្លឿនការអនុវត្តគម្រោង៕