អភិបាលខេត្តកំពង់ចាម ចាត់ទុកសមិទ្ធផលជាច្រើនរបស់សមាគមសាសនាចក្រព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាប្រវត្តិសាស្ត្រលើទឹកដីខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកសមិទ្ធផលនានា ដែលចំណាយថវិកាអស់ប្រមាណជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យសុខាភិបាលក្នុងខេត្ត របស់សមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាប្រវត្តិសាស្ត្រលើទឹកដីខេត្តកំពង់ចាម។

ការលើកឡើងបែបនេះ របស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Conference ជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះ មានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរធម្មការនិងសាសនា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បើតាមលោក ស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានឱ្យដឹងថា សមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលរួមជួយអភិវឌ្ឍ លើវិស័យសុខាភិបាល ក្នុងខេត្តកំពង់ចាមកន្លងមក ក្នុងនោះមាន ៦ស្រុក ដូចជា៖ ស្រុកកំពង់សៀម ស្រុកចំការលើ ស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកកោះសូទិន។

ប្រធានមន្ទីរធម្មការ និងសាសនារូបនេះ បានបញ្ជាក់ថា ការជួយរបស់សមាគមសាសនាចក្រ មានដូចជា៖ ការបំពាក់សម្ភារបរិក្ខាពេទ្យ ជួយជួសជុលអាគារ និងជួយបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យជាដើម ដែលគិតពីចុងឆ្នាំ២០១៩ មកដល់ចុងឆ្នាំ២០២០នេះ សមាគមបានចំណាយថវិកាអស់ប្រមាណជាង ៥០ម៉ឺនដុល្លារ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា សមិទ្ធផលនានា ដែលសមាគមសាសនាចក្រ បានចូលរួមអភិវឌ្ឍន៍កន្លងមក ដូចជាការជួសជុលអគារចាស់ និងការកសាងថ្មី រួមនឹងការទំនុកបម្រុងផ្នែកសម្ភារបរិក្ខាពេទ្យជាដើម ជាពិសេស គឺការកសាងសមិទ្ធផលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដែលសមិទ្ធផលមួយនោះ ចាត់ទុកជាស្នាដៃជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រៅពីការជួយកសាងអគារ ក៏ដូចជាការទំនុបបំរុងផ្នែកបរិក្ខាពេទ្យ ខាងសាសនាចក្រ បានជួយបណ្ដុះបណ្ដាលឱ្យក្រុមគ្រូពេទ្យ ចេះប្រើលើឧបករណ៍ជំនាញទំនើបៗ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋផ្នែកសុខាភិបាលនេះ។

ទន្ទឹមនឹងនេះដែរ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានសម្ដែងមោទនភាព ចំពោះកិច្ចសហការដ៏ល្អ នៃសមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយលើកកម្ពស់លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម នាពេលកន្លងមក ដើម្បីប្រយោជន៍ សុខមាលភាពរបស់ប្រជាពលរដ្ឋ៕