ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសកូរ៉េខាងត្បូង៖ ធនាគារធំមួយរបស់កូរ៉េ ផ្តល់អំណោយម៉ាសតម្លៃ១ម៉ឺនដុល្លារដល់កម្ពុជា និងយល់ព្រមបញ្ចុះអត្រាការប្រាក់ ដល់ពលករខ្មែរឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា


ក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា ។

សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ី ក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត៩សាខា ជាមួយបុគ្គលិកប្រមាណជាង៦០០នាក់។

ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនា សម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះលោក KIM TAE OH ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងសហការី សម្រាប់ការស្វាគមន៍ និងបង្កលក្ខណៈ ដល់រូបលោក និងសហការី ហើយទន្ទឹមនឹងគ្នានេះ សម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាសដល់កម្ពុជា ដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន ១០,០០០ដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទាន សម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា។

បន្ថែមពីលើនេះលោកប្រធានក៏បានស្នើដល់លោកឯកអគ្គរាជទូត ដើម្បីជួយសិក្សាណែនាំ អំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាល របស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្ស ដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗ របស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕