សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងព្រះរាជទ្រព្យ ១ម៉ឺនដុល្លារ រួមទាំងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត


(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ព្រមទាំងព្រះរាជទ្រព្យចំនួន ១ម៉ឺនដុល្លារអាមេរិក និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានសេចក្តីរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយប្រជាជាតិ និងប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគអស់ពីកម្លាំងកាយ-ចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។

កិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា សូមប្រសិទ្ធពរមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ខាងក្រោមនេះ ជាព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖