អភិបាលខេត្តស្វាយរៀង ចុះពិនិត្យការកែលម្អរសោភ័ណភាពនានា ក្នុងក្រុងស្វាយរៀង ដើម្បីឱ្យមានសណ្តាប់ធ្នាប់ល្អ


ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីដែលពាក់ព័ន្ធ ចុះពិនិត្យមើលការកែលម្អរសោភ័ណភាពក្រុងស្វាយរៀង ដែលកំពុងតែស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីប្រែក្លាយក្រុងមួយនេះ ពោលពេញទៅដោយសណ្ដាប់ធ្នាប់ល្អ និងជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ការចុះពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងពីសំណាក់ ឯកឧត្តមអភិបាលខេត្តស្វាយរៀងនាពេលនេះ គឺបានពិនិត្យទីតាំងស្រះវង់កំពុងរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ បំពាក់ភ្លើងបំភ្លឺលម្អរ សួនច្បារ ដាំដើមឈើ និងពិនិត្យស្រះទឹកដើម្បីធ្វើពិធីព្រលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ ដែលគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ ខាងមុខ។

មន្ត្រីដដែលបានបន្តថា ក្នុងនោះឯកឧត្តមអភិបាលខេត្តបានពិនិត្យទីតាំងក្នុងការរៀបចំវិថីលក់ម្ហូបអាហារនៅ សងខាងផ្លូវខាងត្បូងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីចូលរួមកែសម្រួលដល់សោភ័ណភាពក៏ដូចជា បញ្ជៀសការកកស្ទះចរាចរណ៍ នៅខាងមុខមន្ទីរពេទ្យនាពេលកន្លងមក។ ហើយក៏បានពិនិត្យសាលប្រជុំធំសាលាខេត្តកំពុងធ្វើការជួសជុលសម្ភារបរិក្ខាផ្សេងៗ ដែលបានខូចមួយចំនួនកន្លងមក ដើម្បីត្រៀមលក្ខណះទទួលនូវកិច្ចប្រជុំសំខាន់ៗផ្សេងៗទៀត៕