នាយឧត្តមសេនីយ៍ អ៊ី ឈាន ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនកងកម្លាំងទាំង ៣ប្រភេទ នៅខេត្តប៉ៃលិន ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នាទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទនៅខេត្តប៉ៃលិន រួមមាន កងរាជអាវុធហត្ថខេត្ត កងកម្លាំងនគរបាលខេត្ត និងកងកម្លាំងប្រតិបត្តិការសឹករងប៉ៃលិន សរុបចំនួន ៤៩០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់នាពេលនេះ ដោយជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងរបស់យើង ដែលឈរជើងការពារបូរណភាព និងអធិតេយ្យភាព នៃព្រះរាជាណាចក្រ កម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលបានអនុវត្តតួនាទី ភារកិច្ច និងគោរពបទបញ្ជារាជរដ្ឋាភិបាល ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ការពារបាន អធិតេយ្យភាព បូរណភាពដែនដី នៅតាមបន្ទាត់ព្រំដែន គឺថា ទោះបី១មីលីម៉ែត្រក្តី យើងអត់ចូលទឹកដីអ្នកណាទេ និងទោះបី១មីលីម៉ែត្រក្តី យើងក៏មិនឲ្យនរណាមកជាន់ ឬដណ្តើមដីរបស់យើងដែរ ។ ម្យ៉ាងវិញទៀត កងកម្លាំងប្រដាប់អាវុធ របស់យើង ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ជូនប្រជាពលរដ្ឋ បានរស់នៅយ៉ាងសុខក្សេមក្សាន្ត។

នាឱកាសនេះដែរដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានផ្តល់គ្រឿងឧបភោគ បរិភោគ ដល់អង្គភាពទាំង៣ រួមមានអង្ករ ទឹកក្រូ គ្រឿងទេស ទឹកសុទ្ធ សាច់ក្រក ត្រីងៀត ថ្នាំពេទ្យ និងថវិកា ចំពោះកងកម្លាំង ទាំង៤៩០នាក់ ក៏ទទួលបានថវិកា ផងដែរ។