អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ​អំណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ​ហ៊ុន សែន ជូនដល់​ពលរដ្ឋរងគ្រោះដោយ​ជំនន់ទឹកភ្លៀង


បន្ទាយមានជ័យ​៖ ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតចំនួន ០៨ខ្នង ត្រូវបានប្រគល់ជូនដល់បង​ប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយ ជំនន់ទឹកភ្លៀងនាពេលកន្លងនេះ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជាជម្រក​រស់នៅបានដ៏ សមរម្យឡើងវិញ។

​អំណោយដ៏ថ្លៃថ្លានេះត្រូវបាន​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ ព្រមទាំងអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់និងកម្លាំងប្រដាប់អាវុធបានចុះទៅប្រគល់ ផ្ទះនេះដល់ដៃប្រជាពលរដ្ឋរងគ្រោះ នៅក្នុងឃុំបត់ត្រង់ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងនៅ ក្នុងក្រុងសិរីសោភ័ណ មាន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា និង​ ភូមិបាណយ សង្កាត់ទឹកថ្លា ​កាលពីរសៀលថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ​២០២០។ ជាមួយគ្នានោះក៏បាននាំយកអំណោយថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកដល់គ្រួសារដែលទទួលបានការសាងសង់ផ្ទះទាំង០៨គ្រួសារ ដោយមួយគ្រួសារៗ​ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា សម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរជានិច្ចដល់សុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ជា ពិសេសនោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ដែលជួបការលំបាកដោយប្រការ ផ្សេងៗនៅគ្រប់ទីកន្លែងទាំងអស់។

ជាមួយនោះដែរឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំពាវនាវបងប្អូន ប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព អនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យ បានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗ ទៀត។ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពី គ្រឿងញៀន ត្រូវចូលរួមគោរព​ច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីគ្រោះថ្នាក់ ចរាចរណ៍នោះ។ ​ឯកឧត្តម ក៏បានលើកទឹកចិត្តជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្ម​ដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រី ឡើងវិញ​ ដើម្បីជួយលើកកម្ពស់ជីវភាព​រស់នៅឱ្យកាន់តែប្រសើរឡើង៕