អភិបាលខេត្ត ទទួលថវិកាពីព្រះគ្រូចៅអធិការវត្តចំនួន ៣០វត្ត ក្នុងស្រុកកៀនស្វាយ ដែលបរិច្ចាគទិញវ៉ាក់សាំងជំងឺកូវីដ-១៩


កណ្តាល ៖ នៅថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំជូតទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលថវិកា សម្រាប់បរិច្ចាគជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីព្រះវិជ្ជានុរក្ខ័ញាណ ខឹម សុផន ព្រះរាជាគណៈកិត្តិយស ព្រះធម្មធម៌គណៈខេត្តកណ្ដាល អនុគណស្រុកកៀនស្វាយ តំណាងឱ្យចៅអធិការវត្តចំនួន ៣០ និងទទួលសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីលោកឧត្ដមសេនីយ៍ត្រី គូ សាម៉ីឌី ជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលពិធីនេះបានប្រារព្ធធ្វើនៅសាលាខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណ ចំពោះព្រះគ្រូចៅអធិការវត្តទាំង៣០ ក្នុងស្រុកកៀនស្វាយ និងលោកឧត្តមសេនីយ៍ត្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគនូវធនធាន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាឱកាសនេះ។

ថវិកាដែលព្រះគ្រូចៅអធិការវត្តទាំង៣០ ក្នុងស្រុកកៀនស្វាយ បានផ្ដល់ជូនចំនួន ៥. ១០០ដុល្លារអាម៉េរិក និងសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់លោកឧត្ដមសេនី យ៍ត្រី គូ សាម៉ីឌី រួមមាន ស្រ្ពាយបាញ់សម្លាប់មេរោគ (១៥០ml) ចំនួន ២១៦ដប ជែលសម្លាប់មេរោគ(៦០ml)ចំនួន ៧៨០ដប អាវពេទ្យការពារជំងឺកូវីដ-១៩ ចំនួន១០ឈុត ជែលសម្អាតដៃ(៥០០ml)ចំនួន២៤ដប និងថវិកាចំនួន ១លានរៀលផងដែរ។