អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាអភិវឌ្ឍន៍គម្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឱ្យក្លាយជារដ្ឋបាលគម្រូ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថានឹងប្តេជ្ញា អភិវឌ្ឍន៍ គម្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ របស់ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឱ្យក្លាយជារដ្ឋបាលគម្រូ ដ៏ល្អមួយ ដែលមានភាពទាក់ទាញ និងស្រស់ស្អាត សាកសមជាទីកន្លែងផ្តល់សេវាសាធារណៈ ជូនបងប្អូនពុកម៉ែ ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានប្រកាសបែបនេះ ក្នុងឱកាសដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុក ឃុំ ចុះពិនិត្យទីតាំងគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ លើផ្ទៃដីដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ លើផ្ទៃដីប្រមាណជិត២០ហិកតា ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដ៏ទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ស្រុកតាលោសែនជ័យ គឺជាស្រុកកូនពៅ និងជាស្រុកដែលទើបនឹងបង្កើតថ្មី មានឃុំចំនួន០២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ក្នុងនោះមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូកថ្នាក់ខេត្ត មានប្រព័ន្ធផ្លូវ ភ្លើង ទឹក ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង។

ដោយឡែកសាលាស្រុកភ្នំក្រវាញបច្ចុប្បន្នមានទីធ្លាតូចចង្អៀត តម្រូវឱ្យសាងសង់ថ្មី មានលក្ខណៈប្រមូលផ្តុំជារួម នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋដូចគ្នា ទំហុំប្រមាណជិត២០ហិកតា ដែលស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំពោះទីតាំងនេះ គឺពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះនៅជិតទំនប់ធារាសាស្ត្រដំណាក់ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជាថៃ ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងបាន។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ, ហើយបងប្អូនប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការភ័យខ្លាចដូចពីមុនទៀតឡើយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការសិក្សាគម្រូប្លង់មេ ឱ្យបានច្បាស់លាស់ ដើម្បីការសាងសង់ទទួលបានជោគជ័យ សោភណ្ឌភាព និងសម្រាប់ជាប្រវត្តិសាស្ត្រ ដល់កូនចៅយើងជំនាន់ក្រោយ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្តក៏បានបន្តចុះពិនិត្យមើលទីតាំងគ្រោងរៀបចំកន្លែងអភិរក្ស និងចិញ្ចឹមត្រីមេពូជ ដើម្បីបង្កើនផលិតភាពជលផលតាមវាលស្រែ និងដើម្បីបង្កើតជម្រកត្រីមេពូជក្នុងរដូវប្រាំងឱ្យសម្បូរគ្រប់រដូវកាល នៅក្នុងស្រះឯកជន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕