ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០


ព្រឹកថ្ងៃពុធថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០រដ្ឋបាលខេត្តកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍កោតសរសើរ នូវស្មារតីចូលរួមរបស់បងប្អូនមន្ត្រីរាជការ និងអាជីវករ ព្រះសង្ឃ និងកងកម្លាំងគ្រប់ប្រភេទ រួមប្រជាពលរដ្ឋ សប្បុរជន ដែលបានចូលរួមបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រាលដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺកូវីដ-១៩ ដែលនេះសរបញ្ជាក់ពីការយល់ដឹងពីការការពារទប់ស្កាត់នូវវិបត្តិជំងឺផ្លូវដង្ហើម កូវីដ-១៩ ចូលប្រទេស និងសហគមន៍ ក៏ដូចជាការគាំទ្រនូវនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ និងបានកោតសរសើរវាយតម្លៃខ្ពស់ដល់អាជ្ញាធរក្រុង-ស្រុក ដែលបានគោរព និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីចូលរួមផុលផុស និងប្រសិទ្ធភាព នេះជាការបញ្ជាក់ថា យើងមានការយល់ដឹងច្បាស់ និងមានតែការរួមគ្នាទើបអាចការពារ និងទប់ស្កាត់បាន កុំឲ្យចូលសហគមន៍។
ឯកឧត្តម ក៏បានជម្រុញណែនាំដល់អាជ្ញាធរឃុំឲ្យផ្សព្វផ្សាយពីវិធានការរបស់សុខាភិបាល ឲ្យរក្សាគម្លាតសុវត្ថិភាព បាញ់អាកុល ពាក់ម៉ាស និងមានម៉ាស៊ីនវ៉ាស់កម្តៅដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់កម្មវិធី និងចុងភៅ និងបានស្នើសុំដល់បងប្អូនដែលកំពុងធ្វើចក្តាឡីស័ក សូមអត់ធ្មត់ និងចូលរួមសហការជាមួយអាជ្ញាធរ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ រាល់ការផុស ឬផ្សព្វផ្សាយនូវព័ត៌មានពីជំងឺកូវីដ-១៩ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុន ដើម្បីជៀសវាង នូវបញ្ហាសតិអារម្មណ៍សាធារណ:ជន និងបង្កចលាចលសង្គម ដោយសារព័ត៌មានមិនពិត និងស្នើសុំដល់មន្ទីរអង្គភាពនីមួយៗ ត្រូវមានម៉ាស៊ីនវ៉ាស់កម្តៅ ទីតាំងលាងសម្អាតដៃ ជម្រុញការពាក់ម៉ាស និងរក្សាគម្លាត ពេលធ្វើការ ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសាធារណ:ជន ត្រូវបន្តគោរពតាមវិធានការរបស់ក្រសួង និងស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងខិតខំបន្តបង្កើនការបង្ករបង្កើនផល និងដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាព។
ម្យ៉ាងវិញទៀត អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការចុះយាមល្បាតជាប្រចាំ និងផ្សព្វផ្សយដល់ប្រជាមូលដ្ឋាន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពភូមិ-ឃុំ និងពង្រឹងការបម្រើ និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា និងផ្សព្វផ្សាយការណែនាំឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយដល់ពលរដ្ឋអំពីច្បាប់នៃការសាងសង់ ដោយកាត់ចំណីផ្លូវ ដើម្បីទប់ស្កាត់ទំនាស់ លើកិច្ចការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ៕