ក្រសួងអប់រំ ប្រកាសជាផ្លូវការឱ្យបេក្ខជនចុះឈ្មោះប្រលងឌីប្លូម និងបាក់ឌុប ជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស


ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។

យោងតាមសេចក្តីជូនដំណឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានបញ្ជាក់ថា ការសម្រេចបែបនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។ សម្តេចតេជោ បានផ្តល់យោបល់បែបនេះ ដោយសារតែសម្តេចមិនអនុញ្ញាតឱ្យមានការប្រលង ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩។

បើតាមក្រសួងអប់រំ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ នេះបើតាមការឲ្យដឹងពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕