អភិបាលខេត្តកំពង់ធំ ក្រើនរំឭកប្រាប់មន្ត្រីមូលដ្ឋានថា មិនត្រូវបន្ធូរដៃចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឡើយ


(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានមន្ទីរនានាជុំវិញខេត្ត ព្រមទាំងលោក ណែត សារី អភិបាលស្រុកស្ទោង និងអភិបាលរងស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ៤០នាក់ ដែលបានបញ្ចប់ការ ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកស្ទោង ខេត្តកំពង់ធំ ព្រមជាមួយការណែនាំក្រើនរំឭកដល់មន្ត្រីថ្នាក់មូលដ្ឋានរបស់ខ្លួនថា មិនត្រូវបន្ធូរដៃចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឡើយ។

ការចុះសួរសុខទុក្ខនេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយក្នុងឱកាសនោះ អភិបាលខេត្តកំពង់ធំក៏បានពាំនាំការផ្តាំសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលសម្តេចទាំងទ្វេតែងតែនឹករលឹកដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តមបន្ថែមថា ថ្វីដ្បិតប្រជាពលរដ្ឋបញ្ចប់ការធ្វើចត្តាឡីស័កមែន តែមិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវតែអនុវត្តវិធានអនាម័យដែលក្រសួងសុខាភិបាលបានដាក់ឡើងឱ្យបានជាប្រចាំ។

សូមបញ្ជាក់ថា ឯកឧត្តម សុខ លូ ក៏បានចែកជូនដល់ប្រជាពលរដ្ឋដែលបានបញ្ចប់ចត្តាឡីស័កនាពេលនេះនូវគ្រឿងឧបភោគបរិភោគ បរិក្ខាអនាម័យ និងថវិកាមួយចំនួនផងដែរ៕