ខេត្តសៀមរាបគ្រោងនឹងសាងសង់ទីលានចាក់សំរាមនិងកន្លែងកែច្នៃដ៏ធំមួយ ដោយគ្រោងចំណាយអស់ទឹកប្រាក់១៣លានដុល្លារអាម៉េរិក ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ថា គម្រោងងសាងសង់ទីលានចាក់សំរាមនិងកែច្នៃដ៏ធំមួយនេះ អាចនឹងចាប់ដំណើរ ការក្នុងអំឡុងខែមីនា ឆ្នាំ២០១៦ខាងមុខ។ រីឯទីតាំងនៃការ កសាងនេះមានទំហំផ្ទៃដី ៣០ហិកតា ស្ថិតនៅក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលមានចម្ងាយ ប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
លោកបញ្ជាក់ថា សម្រាប់គម្រោងសាងសង់នេះផ្នែកបច្ចេកទេស និងការគ្រប់គ្រងមួយចំនួនធំ ក្នុងជំហានដំបូងគឺខាងភាគីកូរ៉េជាអ្នកអនុវត្តន៍ទំាងអស់ ហើយ អាជ្ញាធរខេត្តសៀមរាប គ្រាន់តែជាអ្នករៀបចំផ្ទៃដីដោយមានមន្រ្តីមួយចំនួនសម្រាប់ធ្វើ កិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េប៉ុណ្ណោះ។ លោកបានរំពឹងទុកថាបន្ទាប់ពីទីលានចាក់សំរាមនិងកែច្នៃនេះសាងសង់រួចរាល់ ការគ្រប់គ្រងសំរាមនៅក្នុងក្រុង សៀមរាប និងមានភាពល្អប្រសើរ ជាពិសេសអនាម័យបរិស្ថាននិងមានភាពស្រស់ស្អាត។
បើយោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តសៀមរាបបានបង្ហាញថា នៅក្នុងក្រុងសៀមរាប ក្នុងមួយថ្ងៃមានសំរាមកើតឡើងប្រមាណជា២៧០តោន ហើយសំរាមទំាងនេះក្រុមហ៊ុនប្រមូលសំរាមប្រមូលនិងដឹកជញ្ជូនចេញបានតែ៦០ទៅ៧០ភាគរយ ប៉ុណ្ណោះ។ ចំណែកសំរាមដែលនៅសល់ត្រូវប្រជាពលរដ្ឋយកទៅដុតកប់ឬបោះចោលនៅតាមដងផ្លូវក្នុងប្រ ឡាយទឹកដែលកំពុងតែធ្វើឱ្យមានហានិភ័យដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់និងគិតគូរអំពីបញ្ហាការ គ្រប់គ្រងកាកសំណល់ទំាងរឹងនិងរាវ ហើយចំពោះសំណល់រាវខេត្ត ទទួលបានគម្រោង៣ធំៗដែលបច្ចុប្បន្នកំពុងដំណើរការគឺមាន ទី១របស់ADB ទី២របស់AFD
បារំាង និងទី៣គម្រោងរបស់ (កយកា) នៃរដ្ឋាភិបាលកូរ៉េ។ រីឯការគ្រប់គ្រងសំណល់រឹងគឺ នៅមានបញ្ហាខ្វះទីលានចាក់សំរាម។
ប៉ុន្តែឥឡូវនេះខេត្តទទួលបានគម្រោងដ៏ធំមួយពីរដ្ឋាភិបាលកូរ៉េក្នុងទឹកប្រាក់១៣លានដុល្លារ អាម៉េរិក សម្រាប់សាងសង់ទីលានចាក់សំរាមនិងកែច្នៃដែលទីលាននេះមានលទ្ធភាពកែច្នៃកាក សំណល់ឱ្យជារបស់ប្រើប្រាស់ ផ្សេងៗក្នុង១ ថ្ងៃៗ អាចបានរហូតដល់ទៅ៣០០តោន៕
ខេត្តសៀមរាបគ្រោងសាងសង់ទីលានចាក់សំរាមនិងកន្លែងកែច្នៃសំរាមគ្រោងចំណាយ ទឹកប្រាក់១៣លានដុល្លារ
