រដ្ឋបាលរាជធានីភ្នំពេញ បន្តធ្វើការជួសជុល និងអ៊ុតផ្លូវជាច្រើនខ្សែដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅខណ្ឌដូនពេញ


ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពជួសជុលនិងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៧៤ប្របនឹងគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីផ្លូវនេះទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង ក្នុងពេលកន្លងមក។

ក្រោមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលម្អផ្លូវជាច្រើនខ្សែនេះ ដើម្បីឱ្យការដ្ឋានដំណើរការបានល្អប្រសើរ។

ក្រុមមន្ត្រីបច្ចេកទេសបានឱ្យដឹងថា កំណាត់ផ្លូវលេខ៧៤ ដែលត្រូវអ៊ុតកៅស៊ូបន្ថែមនាពេលនេះមានប្រវែង ២៦០ម៉ែត្រ ទទឹង១១ម៉ែត្រ ដោយកែលម្អគ្រឹះ និងចាក់អ៊ុតកៅស៊ូពីលើកៅស៊ូចាស់ប្រភេទ ដែលបានធ្វើឡើងជាយូរឆ្នាំមកហើយ ដោយចាក់អ៊ុតកៅបន្ថែមជាលើកដំបូងដើម្បីធានាការប្រើប្រាស់បានយូរ ។ ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវដែលមានសារៈសំខាន់លើការរំដោះចរាចរណ៍ និងសម្រួលលំហូរចរាចរណ៍នៅតំបន់គល់ស្ពានជ្រោយចង្វារត្រើយខាងលិចផងដែរ។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ក្រោយជំនន់ទឹកភ្លៀងស្រកអស់ ផ្លូវចំនួន ២៩ខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹក នាំផ្ទាល់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវដែលខូចខាតទាំងអស់នឹងត្រូវបានជួសជុលកែលម្អឡើងវិញធ្វើឱ្យប្រជាពលរដ្ឋមានក្តីសប្បាយរីករាយ ក្នុងការធ្វើដំណើរបានងាយស្រួល។

អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ន នៅពេលការដ្ឋានចាប់ដំណើរការ។ ការយកចិត្តទុកដាក់របស់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ពិតជាបានជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានកែប្រែសោភណភាពរាជធានីភ្នំពេញ  ឱ្យកាន់តែស្រស់បំព្រងថែមទៀត។ រយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញបានជំរុញការជួសជុលផ្លូវ និងពង្រីកផ្លូវដំណាលគ្នាតែម្តង។ ចំពោះមុខក្នុងខណ្ឌដូនពេញ មានផ្លូវលេខ ៧៤, ផ្លូវលេខ៧២, ៧៦,រង្វង់មូលគួចកាណុង និងកំណាត់ផ្លូវប៉ាស្ទ័រ ចាប់ពីផ្លូវលេខ ១១៤(ផ្លូវក្រមួនស)ដល់ផ្លូវព្រះសីហនុប្រវែង ១.៨០០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ នឹងត្រូវធ្វើការជួសជុលកែលម្អដោយធ្វើគ្រឹះជាថ្មី និងពង្រីកបន្ថែមនៅកន្លែងខ្លះៗ ផងដែរ៕