រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពីក្រុមហ៊ុនឯកជន


(ភ្នំពេញ)៖ ផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃ សាប៊ូបោកខោអាវ សរុបចំនួន៨២០កេស ស្មើនឹងទឹកប្រាក់ប្រមាណ១៦,០០០ដុល្លារ ត្រូវបានក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត នៅសាលារាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត បានបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ជាប្រភេទផលិតផលសម្រាប់សម្លាប់មេរោគ ជេលលាងដៃ និងសាប៊ូបោកខោអាវ ដែលមានចំនួន៨២០កេស។ ចំពោះគោលបំណងដែលក្រុមហ៊ុន ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូនដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ ពិសេសចែកចាយ នៅតាមទីតាំងចត្តាឡីស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវី-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ។

ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Unilever Cambodia Limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជែលលាងដៃ និងសាប៊ូបោកគក់មួយចំនួន។ លោកសន្យាថា នឹងយកផលិតផលទាំងអស់នេះ ទៅបែងចែកទៅតាមអ្វី ដែលក្រុមហ៊ុនចង់បាន។

បើតាមឯកឧត្តម ឃួង ស្រេង ជំងឺកូវី-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែងពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់ប្រជាពលរដ្ឋឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជធានីភ្នំពេញអាចគ្រប់គ្រងបាន ហើយសម្ដេចក៏បានបញ្ជាក់ហើយថា សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជានឹងអាចគ្រប់គ្រងបាន៕