ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺការផ្តល់សុខដុមរមនា និងសុភមង្គល ដល់សង្គមជាតិ


(ស្វាយរៀង)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល តំណាងរបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល។

ក្នុងនាមលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមទេសរដ្ឋមន្រ្តី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបាន របស់ក្រុមការងារទទួលបន្ទុកតាមឃុំទាំង១០ ព្រមទាំងបានជំរុញក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត និងរដ្ឋបាលស្រុករំដួល ជាពិសេសបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានយកចិត្តទុកដាក់ និងចុះមូលដ្ឋានផ្ទាល់ និងជាប្រចាំ ដើម្បីចូលរួមដោះស្រាយកង្វល់ សំណើ និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅផ្តល់នៅសុខដុមរមនា និងសុភមង្គលដល់សង្គមជាតិ និងប្រជាពលរដ្ឋទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តឆ្លើយតប បំភ្លឺ និងដោះស្រាយរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានសមស្រប ដោយលោកទេសរដ្ឋមន្រ្តី បានស្នើឲ្យមន្ទីរ អង្គភាពយកសំណើសុំទាំងនោះ ដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវការណែនាំចំនួន៥ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដូចជា៖

* ទី១៖ បន្តលើកកម្ពស់ស្មារតី និងរកដំណោះស្រាយ រាល់បញ្ហាប្រឈម និងសំណូមរបស់បងប្អូនប្រជាពលរដ្ឋ
* ទី២៖ លុបបំបាត់ និងទប់ស្កាត់ភាពអសកម្មរបស់យើង
* ទី៣៖ បន្តលើកផែនការសកម្មភាពចុះកសាងទំនាក់ទំនង និងភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ
* ទី៤៖ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព
* ទី៥៖ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ។

សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករំដួល បានរៀបចំវេទិកាសាធារណៈ ចំនួន៦១លើក និងមានអ្នកចូលរួមប្រមាណជាង១,៦០០នាក់។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១០ តំណាងអភិបាលខេត្តស្វាយរៀង តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុករំដួល គណៈអភិបាលស្រុក កងកម្លំាងប្រដាប់អាវុធ ស្រុកតំណាងការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ៕