ប្រជាពលរដ្ឋ៤៣០គ្រួសារមានទីលំនៅតាមដីចំណីមាត់ស្ទឹងសៀមរាប ត្រូវបានដោះដូរឱ្យទៅរស់នៅទីតាំងថ្មី ដោយអាជ្ញាធរត្រូវធ្វើការកែលម្អមាត់ស្ទឹង


សៀមរាប ឯកឧត្តម ទៀត សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹក នាំមន្រ្តីជំនាញ នៃស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងដី និងកំណត់ព្រំដីដែលត្រូវផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅបណ្តោះអាសន្នលើដីចំណីស្ទឹងសៀមរាប ចំនួន៤៣០គ្រួសារ ស្ថិតនៅភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ដោយសារតែអាជ្ញាធរខេត្តត្រូវធ្វើការកែលម្អមាត់ស្ទឹងសៀមរាប ឱ្យមាន​សោភណភាពស្រស់ស្អាត ដូចនេះអាជ្ញាធរខេត្តបានតម្រូវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសៀមរាប ដោយមិនស្របច្បាប់ចាប់ពីចំណុចស្ពាននាគរហូតទៅដល់ស្ពានអង្គរ ដែលមានចំនួន៤៣០គ្រួសារ ត្រូវទៅរស់នៅកន្លែងថ្មី ស្ថិតនៅក្នុងភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀម រាប ដែលមានចម្ងាយពីទីរួមខេត្តសៀមរាបប្រមាណជា ២២គីឡូម៉ែត្រ ដោយអាជ្ញាធរខេត្តសហការជាមួយអាជ្ញាធរជាតិអប្សរា បានផ្តល់ដីជូនពួកគាត់ ក្នុង១គ្រួសារទទួលបានដីទំហំ៣០ម៉ែត្រគុណ២០ម៉ែត្រ។ រហូតមកដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានផ្តិតមេដៃឯកភាពទទួលយកដីនេះមានចំនួន៤០៥គ្រួសារស្មើនឹង៩៤,១៨ភាគរយ ក្នុងនោះមាន២៥គ្រួសារ ពុំទាន់បានមកចូលរួមចាប់ឆ្នោតយកដីនេះនៅឡើយ។

លោក សុខ ថុល បានបញ្ជាក់ថា តាំងដីថ្មីនេះអាជ្ញាធរ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធការដាក់លេខឡូត៍ ការរៀបចំប្រព័ន្ធភ្លើង អណ្តូងស្នប់និងបង្គន់អនាម័យ ហើយពេលនេះក្រុមការងារសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន កំពុងតែចុះបោះបង្គោលព្រំដី និងធ្វើផ្លូវខ្វាត់ខ្វែងទៅតាមគម្រោងប្លង់ដែលបានគ្រោងទុក។ប្រជាពលរដ្ឋដែលបានចាប់ឆ្នោះរួចហើយ ក៏បានចុះមកពិនិត្យមើលដីរបស់ខ្លួនតាមលេខកូដរៀងៗខ្លួនដែរ។

ចំពោះប្រជាពលរដ្ឋដែលបានចាប់ឆ្នោតយកដីហើយ ក៏បានថ្លែងអំណគុណចំពោះអាជ្ញាធរខេត្តសៀមរាបដែលបានផ្តល់ដីជូនពួកគាត់ ដែលទំហំដីនេះអាចឱ្យពួកគាត់ធ្វើផ្ទះនៅបាន និងអាចដាំដំណាំសម្រាប់ផ្គត់ផ្គង់គ្រួសារបានផងដែរ។ ប៉ុន្តែពួកគាត់ស្នើឱ្យអាជ្ញាធរជួយសម្របសម្រួលក្នុងការដឹកជញ្ជូនសម្ភារពួកគាត់មកកាន់ទីតាំងថ្មីនេះ ព្រោះពួកគាត់ខ្វះខាតថវិកាក្នុងការដឹកជញ្ជូន។ ពាក់ព័ន្ធបញ្ហានេះ លោក សុខ ថុល បានបញ្ជាក់ថា អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធនឹងជួយសម្របសម្រួលជូនពួកគាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មករស់នៅទីនេះដោយងាយស្រួលនិងសុវត្ថិភាព។

សូមបញ្ជាក់ថា ផ្ទៃដីសរុបដែលផ្តល់ជូនប្រជាពលរដ្ឋមកតាំងទីលំនៅថ្មីនេះមាន៨៥ហិកតា៕