គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តន៍បន្ត


កំពង់ឆ្នាំង  នៅថ្ងៃ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២១ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍បន្តនៅឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង។​

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោកស្រី   ឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត លោក លោកស្រី ជាអនុប្រធាន សមាជិកសមាជិការ ក្រុមការងារអន្តរមន្ទីរ អង្គភាពទាំង៦ ក្រុមលេខាធិការដ្ឋាន ព្រមទាំងក្រុមការងារជំនាញក្រុង ស្រុក ទាំង០៨ ផងដែរ។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តន៍សកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាប ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការ ក៏ដូចជាលេខាធិការដ្ឋានសូមបន្តខិតខំអនុវត្តន៍ឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២១ខាងមុខ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព។ ពិសេសឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវក្តាប់ឱ្យបានពីពលករចំណាកស្រុក ពលករវិលត្រឡប់ចូលស្រុកវិញ ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ចុះពិនិត្យផ្សព្វផ្សាយណែនាំឱ្យធ្វើចត្តាឡីស័ក រួមគ្នាបង្ការទប់ស្កាត់ មិនឱ្យមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ចូលមកដល់សហគមន៍ជាដាច់ខាត ។

ឯកឧត្តមអភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាដើម្បីបន្តអប់រំផ្សព្វផ្សាយអំពីវិធានការការពារនិងទប់ស្កាត់ការឆ្លងមេរោគ និងសំណើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគដ៏កាចសាហាវក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ-១៩៕