ព្រះសីហនុ ៖ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ នៅសាលាខេត្តព្រះ សីហនុ រសៀលថ្ងៃ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
កិច្ចប្រជុំមានរបៀបវារ:ចំនួន៥ គឺ ១.បើកកិច្ចប្រជុំ។ ២.របាយការណ៍ស្តីពីស្ថានភាពព្រំប្រទល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ(ដោយក្រុង ស្រុក សាម៉ី)។៣.សំណើរ និងសំណូមពរការងារពាក់ព័ន្ធនឹងកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ៤.ធ្វើការពិភាក្សារវាងក្រុង ស្រុក។ ៥.មតិបូកសរុបឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
បន្ទាប់ពីធ្វើការពិភាក្សារវាងក្រុង ស្រុក ទាំង៥រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងឯកភាពលើផែនទី ព្រំប្រទល់ លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ អនុក្រឹត្យ និងព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រមទាំងបានណែនាំឱ្យមន្ទីររៀបចំដែនដី ១.ចុះពិនិត្យ និងកំណត់ព្រំប្រទល់ក្រុង ស្រុក ឃុំ សង្កាត់។ ២.បោះបង្គោលកំណត់ព្រំប្រទល់ក្រុង ស្រុកទាំង៣ មានដូចជា៖ ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ដើម្បីធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព កាត់បន្ថយបាននូវទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ៕