សម្ដេចតេជោ ហ៊ុន សែន៖ ថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា ថវិកាបានពីការលក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។ សម្ដេចបានចាត់ទុក ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយសម្ដេចប្រកាសពីភាពជោគជ័យរបស់កម្ពុជា ក្នុងការចាប់ផ្ដើមតំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ ពីគេហដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «លុយបានមកពីប្រេង ខ្ញុំនឹងឆ្លើយប្រាប់ថា ខ្ញុំនឹងផ្ដល់អាទិភាពទៅលើវិស័យអប់រំ និងសុខាភិបាល។ តំណក់ប្រេងនេះជាពរជ័យសម្រាប់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលថ្មី ជាប្រភពចំណូលថ្មី»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ប្រេងរបស់កម្ពុជានៅ ប្លុក A នេះមិនមានពាក់ព័ន្ធជាមួយប្រទេសថៃនោះទេ ពោលចម្ងាយពីប្រទេសថៃ ប្រមាណជាង៣០០គីឡូម៉ែត្រ ខណៈចម្ងាយពីខេត្តព្រះសីហនុ ត្រឹមតែជាង១០០គីឡូម៉ែត្រតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហើមទៀតថា ក្រៅពីចំណូលបន្ថែមដោយតំណក់ប្រេងនេះ កម្ពុជាក៏នឹងមានប្រភពចំណូលពីធនធានធម្មជាតិបន្ថែមទៀត គឺប្រភពចំណូលបានពីរ៉ែមាស ដែលនឹងត្រៀមធ្វើអាជីវកម្ម និងចំណូលពីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ដែលអាចផលិតថាមពលអគ្គិសនី បានយ៉ាងហោច៣០០ ទៅ៤០០មេហ្គាវ៉ាត់ ដោយប្រើធ្យូងថ្ម ខណៈបច្ចុប្បន្នធ្យូងថ្មនេះកម្ពុជា ត្រូវទិញពីក្រៅប្រទេស។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ក៏បានលើឡើងពីប្រវត្តិនៃកិច្ចព្រមព្រៀងប្រេងកាតដំបូងរបស់កម្ពុជា ដោយត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)។

សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេង មានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ តាមផែនការនោះផលិតកម្មប្រេងដំបូង គ្រោងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។

ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើ ឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារ កែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌ កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ច ពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាត ក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយ ពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេង អាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗ និងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

* ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។