សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥


នៅព្រឹកថ្ងៃទី​​​៧ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភា​លើកទី៨ នីតិកាលទី៥ នៅវិមានរដ្ឋសភា។

សម័យប្រជុំបានធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន​៤ រួមមាន÷

១) ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។

២) របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។

៣) ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ ។

៤) ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ។

ក្នុងនេះ សម័យប្រជុំរដ្ឋសភា​​​​​​​​​​​ ក៏បានប្រកាសទទួលស្គាល់សុពភាព ឯកឧត្តម ជា វ៉ាន់ដេត ជាតំណាងរាស្រ្តថ្មីនៃមណ្ឌលខេត្តតាកែវ ជំនួស សម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព។

សូមជម្រាបថា​រដ្ឋសភា​​បើក សម័យប្រជុំរដ្ឋសភា​​​​​​ ជាវិសមញ្ញ ពីរដងក្នុងមួយឆ្នាំ ។​​​ សម័យប្រជុំនីមួយៗ មានថិរវេលា​​​ ៣ ខែយ៉ាងតិច​​​​ ដោយសភាចូលកង​​​(៣ខែ) សភាវាកង(៣ខែ)។