នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ នេះឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះធ្វើការត្រួតពិនិត្យការចុះបញ្ជីទោចក្រយានយន្តតាមប្រព័ន្ធអនឡាញ នៅហាងលក់យានយន្តដោយផ្ទាល់តែម្ដង។ នៅក្នុងនោះមានប្រជាពលរដ្ឋជាអ្នកទៅទិញម៉ូតូឡានថ្មី មានការសាទរជាខ្លាំងចំពោះកំណែទម្រង់ថ្មីនេះ។
ចាប់ពីថ្ងៃនេះទៅ បងប្អូនប្រជាពលរដ្ឋដែលចង់ទិញឡានម៉ូតូថ្មី លែងពិបាកទៀតហើយ ដោយមិនចាំបាច់ទៅចុះបញ្ជីយានយន្ត និងធ្វើប័ណ្ណសម្គាល់យានយន្តនៅនាយកដ្ឋានដឹកជញ្ជូនទៀតទេ។ ការចុះបញ្ជីទោចក្រយានយន្តតាមប្រព័ន្ធអនឡាញ នេះជួយសម្រួលដល់ប្រជាពលរដ្ឋមួយផ្នែកធំក្នុងការទិញយានយន្ត នៅពេលដែលចង់ទិញឡាន ម៉ូតូថ្មី គឺត្រូវកឹបផ្លាកលេខ និងចុះបញ្ជីដោយផ្ទាល់នៅកន្លែងទិញ រួចហើយអូសម៉ូតូចេញពីហាងគឺចប់រឿង។ ប្រជាពលរដ្ឋគ្រាន់តែចំណាយប្រាក់តែ ៤០,០០០រៀល បូកបន្ថែមលើថ្លៃម៉ូតូនោះ នឹងទទួលបានសេវាសព្វគ្រប់បែបយ៉ាងនៅនឹងកន្លែង លែងមានចំណាយក្រៅផ្លូវការអ្វីទាំងអស់។
ឯកឧត្ដម ស៊ុន ចាន់ថុល បានសាកសួរពីចំណាប់អារម្មណ៍ប្រជាពលរដ្ឋនៅកន្លែងទិញឡាន ម៉ូតូ ផ្ទាល់ឃើញថា មានការសាទរជាខ្លាំងចំពោះកំណែទម្រង់នេះ ព្រោះប្រជាពលរដ្ឋមិនចាំបាច់ត្រូវចំណាយច្រើនដូចពីមុន ងាយស្រួលឆាប់រហ័សមិនរង់ចាំយូរ ទិញម៉ូតូភ្លាមបានជិះភ្លាម បានផ្លាកលេខភ្លាម ចុះបញ្ជីភ្លាមៗនៅនឹងកន្លែង។
គួរបញ្ជាក់ផងដែរថា ការផ្ដល់សេវាសាធារណតាមប្រព័ន្ធអនឡាញ ដូចជាការធ្វើប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ការធ្វើផ្លាកលេខជាដើម គឺជាក្ដីស្រមៃមួយរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន សេវាសាធារណប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង ធ្វើឱ្យបានលឿន លែងឱ្យប្រជាពលរដ្ឋលំបាកទៀត ៕