អភិបាលខេត្តប៉ៃលិនចុះសួរសុខទុក្ខកងកម្លាំងកំពុងប្រចាំការនៅព្រំដែន ក្នុងបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស


កាលពីរសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកស្បៀងអាហារទៅឧបត្ថម្ភ ដល់កងកម្លាំង និងមន្ត្រីជំនាញ ដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានា តាមបណ្តោយខ្សែបន្ទាត់ព្រំដែន រវាងខេត្ត ប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាក ស្រុក។

លោកជំទាវអភិបាលខេត្តបានបន្តថា នៅខេត្តប៉ៃលិន រយៈពេលចុងក្រោយនេះ ក៏មាន ពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយឆ្លងដែនខុសច្បាប់ តាមច្រកធម្មជាតិ បណ្តោយព្រំដែន តែត្រូវបានកងកម្លាំងដែលប្រចាំការ ធ្វើការឃាត់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក ហើយក្នុងចំណោមពលករខ្មែរ ចំនួនជិត ១០០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក គឺមានពលករខ្មែរ ចំនួន ១០នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយបច្ចុប្បន្នកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់ សភាពការណ៍ នៃការឆ្លងដែន របស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉ោង/២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាល ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមបញ្ជាក់ថា លោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភស្បៀងអាហារ និងអំណោយមួយចំនួនដល់កងកម្លាំង ដែលកំពុងប្រចាំការចំនួន ២៥គោលដៅ តាមបន្ទាត់ព្រំដែន ដោយក្នុង១គោលដៅៗ ទទួលបាន៖ មី ៣កេស ត្រីខ ២យួរ, ទឹកសុទ្ធដាសានី  ៥យួរ, អង្ករ ៥០គីឡូក្រាម, ទឹកក្រូចកំប៉ុង ១កេស, ទឹកក្រូចដប ២យួរ, ម៉ាស់ ២ប្រអប់, អាល់កុលលាងដៃ ៥ដប និងថវិកាក្នុងម្នាក់៥ម៉ឺនរៀលផងដែរ៕