បទសម្ភាសន៍របស់ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ»


ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ដោយទទួលបានការជួយឧបត្ថម្ភដ៍ធំធេងពីកងទ័ពស្ម័គ្រចិត្ត វៀតណាម និងការគាំទ្រពីប្រជាជនស្នេហាសន្តិភាព និងយុត្តិធ៌មលើសកលលោក រហូតទទួលបានជ័យ ជម្នះត្រចះត្រចង់ជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ។
-ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ដែលនៅសេសសល់ពីការ កាប់សម្លាប់បានទាន់ពេលវេលា។ កម្ពុជាបានបិទទំព័រសករាជដ៍ខ្មៅងងឹតរបស់ខ្លួនហើយបើកឡើងនូវទំព័រសករាជថ្មី គឺ សករាជ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម។ ប្រជាជនកម្ពុជាដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងក្លាយជាម្ចាស់ទឹក ម្ចាស់ដី និង ជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។ ព្រមជាមួយនេះ ជ័យជម្នះ ៧ មករា បានរួម វិភាគទានយ៉ាងធំធេងចំពោះការថែរក្សាសន្តីភាព និងសន្តិសុខក្នុងតំបន់ ។
-គឺចាប់ផ្តើមពីថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ នេះហើយ ដែលប្រជាជនយើងបានជ្រោងទង់ សាមគ្គីជាតិ រួមគ្នាការពារការរស់រានមានជីវិតរបស់ខ្លួន ពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីស្តារ កសាង និងអភិវឌ្ឍមាតុភូមិខ្លួនពីគំនរផេះផង់ឲ្យមានការផ្លាស់ប្តូររីកចម្រើនជាជំហានៗរហូត មកដល់បច្ចុប្បន្ននេះ ។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថា« ថ្ងៃកំណើត ទី២របស់ខ្លួន បើគ្មានជ័យជម្នះ៧មករា យើងទាំងអស់គ្នាពិតជាគ្មានជីវិត និងគ្មានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះឡើយ»។ នេះជាសច្ចធម៌ដែលគ្មានបុគ្គលណាឬអានុភាពណាមកបំភ្លៃ បំផ្លើស ឬបំផ្លាញបានឡើយ។ ដូច្នេះជ័យជម្នះ៧មករា ជារបស់ខ្មែរយើងទាំងអស់គ្នា ជ័យជម្នះ ៧មករា មិនមែនជាសត្រូវរបស់អ្នកណាមួយឡើយ គឺមានតែជនអគតិដែលនៅគាំទ្ររបបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលធ្វើជាសត្រូវនឹងជ័យជម្នះ៧មករា។
លោក លន់ សារ៉ាត់៖ តើយុវជនត្រូវចងចាំ ស្វែងយល់ពីស្មារតី៧មករាដែរឬទេ ? ព្រោះអ្វី ?
ឯកឧត្តម តាក ស៊ុនអ៉ី៖-ដូចបានបញ្ជាក់ខាងលើហើយថា ជ័យជម្នះ ៧ មករា មានអត្ថន័យប្រវត្តិសាស្ត្រដ៍ធំធេង មិនមែនសម្រាប់តែអតីតកាល(៤២ឆ្នាំ)កន្លងទៅនោះទេ តែទាំងបច្ចុប្បន្ននិងតទៅមុខទៀត ជារៀងរហូត។ មានជ័យជម្នះ ៧ មករា ទើបយើងមានអ្វីៗនៅថ្ងៃនេះ និងមានអ្វីៗតទៅ អនាគតទៀត។ ប៉ុន្តែ យើងក៍គប្បីពិចារណាថាសច្ចធម៌នេះពុំអាចឋិតឋេរគង់វង្សដោយខ្លួនឯង បានទេគឺអាចស្ថិតស្ថេរគង់វង្សបានតែតាមរយៈសកម្មភាពប្រកបដោយសតិសម្បជញ្ញៈរបស់មនុស្ស ប៉ុណ្ណោះ ។
-ក្នុងន័យនេះ យុវជនដែលជាសសរទ្រូង និងជាអនាគតរបស់ជាតិមានកាតព្វកិច្ច មានការទ ទួលខុសត្រូវ និងមានការស្ម័គ្រចិត្តប្រកបដោយវិចារណញ្ញាណក្នុងការថែរក្សាពូនជ្រំស្មារតីជ័យជម្នះ៧មករា ឲ្យបានគង់វង្ស ភ្លឺចែងចាំងជានិច្ចនៅក្នុងការចងចាំរបស់ខ្លួន នោះទើបអាច ការពារប្រទេសជាតិយើងមិនឲ្យវិលត្រឡប់ទៅរកដានប្រវត្តិសាស្ត្រពីអតីតកាលដែលពោរ ពេញដោយការឈឺចាប់ ការវិនាសបាត់បង់និងសោកនាដកម្មបាន ។
-ប្រាកដណាស់ថាប្រជាជាតិមួយដែលពុំបានយល់ដឹងត្រឹមត្រូវអំពីប្រវត្តិសាស្ត្ររបស់ខ្លួន មិន បានរៀនសូត្រមេរៀនពីប្រវត្តិសាស្ត្ររបស់ខ្លួន ឬមិនខ្វល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន នោះគឺមិនអាចការពារ និងអភិវឌ្ឍខ្លួនបានឡើយ ។
-ដូច្នេះតើអ្វីទៅជាស្មារតី៧មករា ដែលយើងគប្បីចងចាំនោះ?
ស្មារតី៧មករាគឺ «សាមគ្គីភាព វីរភាព និងជ័យជម្នះ »។ ស្មារតី៧មករា ក្រើនរំលឹកយើង មិនឲ្យភ្លេចការឈឺចាប់ពីអតីតកាល ធ្វើឲ្យយើងត្រូវរួមសាមគ្គី គ្នាជាធ្លុងមួយ ប្តូរផ្តាច់ថែរក្សា រាល់សមិទ្ធផលសង្គមជាតិ និងធ្វើឲ្យយើងបន្តពុះពារជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមទាំងឡាយ ប្រកបដោយភាពជឿជាក់ ដើម្បីការស្ថិតស្ថេរ និងរីកចម្រើននៃមាតុភូមិដ៍កម្សត់របស់យើង។ សរុបមកស្មារតី៧មករា មានគុណតម្លៃ មិនអាចសាបសូន្យបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខទៀតលើមាគ៌ាសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី និងវឌ្ឍនភាពសង្គម ។
លោក លន់ សារ៉ាត់៖ តើមូលហេតុអ្វី កម្ពុជាបានទទួលការកសាង និងអភិវឌ្ឍហើយហេតុ ដូចម្តេច បានជាត្រូវការសន្តិភាព ? តើកត្តាសន្តិភាពបានផ្តល់ផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?
ឯកឧត្តម តាក ស៊ុនអ៉ី៖-ក្នុងតថភាព នៅពេលដែលកំពុងស្ថិតក្នុងបរិការណ៍ប្រកបដោយភាពវិជ្ជមាន មានអ្នកខ្លះពុំបានពិចារណា ស្វែងយល់ឲ្យបានត្រឹមត្រូវអំពីហេតុនិងផល និងចំណងទាក់ទងរវាងហេតុ និង ផលនេះទេ ម៉្លោះហើយគេបានផ្តាច់ចេញពីគ្នានូវដំណើរវិវត្តន៍ទាំងពីរ ធ្វើឲ្យគេមិនអាចយល់បានថាផលវិជ្ជមានមួយវាកើតពីហេតុដូចម្តេច ហើយហេតុមួយវានាំទៅដល់ផលបែបណា។ តាមរយៈនេះនឹងធ្វើឲ្យគេបាត់ការប្រុងប្រយ័ត្ន ដែលជាហេតុនាំទៅរកផលអវិជ្ជមានវិញ។ ក្នុងន័យនេះ ក្នុងពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយើងបានឃើញនូវទស្សនៈខ្លះ ដែល ផ្តោតសំខាន់តែលើការអភិវឌ្ឍដោយមើលស្រាលសន្តិភាព គិតថាសន្តិភាពមានហើយ ចាំបាច់អីនិយាយច្រើនពីសន្តិភាពទៀត។ ទស្សនៈនេះបង្កការគំរាមកំហែងទាំងចំពោះចីរភាពនៃ សន្តិភាព ទាំងចំពោះចីរភាពនៃការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះការបន្តសកម្មភាពទុច្ចរិតរបស់ ក្រុមអ្នកប្រឆាំងជ្រុលនិយមមួយចំនួនបច្ចុប្បន្នក៍នៅតែបង្កការគំរាមកំហែងចំពោះសន្តិភាពនៅឡើយ។
-គួររំលឹកថា ពីឆ្នាំ ១៩៧៩ ដល់ ១៩៩៣ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨ កម្ពុជាស្ថិតក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង គឺជាសង្គ្រាមដ៍រ៉ាំរ៉ៃដែលបានអូសបន្លាយតាំងពីឆ្នាំ១៩៧០មក។
កិច្ចប្រតិបត្តិការរបស់ UNTAC ក្នុងក្របខណ្ឌអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ ២៣.តុលា.១៩៩១ ពុំអាចបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាឡើយ។ បន្ទាប់ពីការចាកចេញ របស់ UNTAC កម្ពុជានៅតែមានតំបន់ត្រួតត្រា២ រដ្ឋាភិបាល២ និងកម្លាំងប្រដាប់អាវុធ២ ពួក ឧទ្ទាមខ្មែរក្រហមនៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញសង្គមជាតិ សំដៅវិលត្រឡប់មកកាន់អំណាចវិញ តាមរយៈយុទ្ធសាស្ត្រច្រែះស៊ីដែក។ នៅក្នុងកាលៈទេសៈនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និង យុទ្ធសាស្ត្រ DIFID ប្រកបដោយជោគជ័យដែលបានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងរបស់ពួកឧទ្ទាមខ្មែរក្រហម ទាំងខាងនយោបាយ និងយោធា នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុងជាលើកដំបូង ចាប់ពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក ។
-រយៈពេល ២២ឆ្នាំមកនេះ ក្រោមពន្លឺសន្តិភាព ប្រជាជនយើងបានរស់នៅយ៉ាងសុខដុមរមនា។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ច ខ្ពស់បំផុតលើពិភពលោកក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ភាពក្រីក្រ ត្រូវបានកាត់បន្ថយមកនៅរង្វង់១០% ចំណូលមធ្យមសម្រាប់ប្រជាជនម្នាក់បានកើនពី ២៨៨ ដុល្លារ នៅឆ្នាំ២០០០ ដល់ ១ ៦៨៣ ដុល្លារ នៅឆ្នាំ២០២០ មូលដ្ឋានសេដ្ឋកិច្ចកាន់តែត្រូវបានពង្រឹង ពង្រីកឡើង ពាណិជ្ជកម្ម និងវិនិយោគមានកំណើនយ៉ាងខ្លាំង វិស័យវប្បធម៌ អប់រំ សង្គមកិច្ច សុខាភិបាល សុទ្ធតែមានជំហានអភិវឌ្ឍយ៉ាងស្វាហាប់ ។ កម្ពុជាបានងើបឈរឡើងវិញជាប្រ ជាជាតិមួយស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រជាជាតិទាំងក្នុងតំបន់ក៍ដូចជាពិភពលោក។
សរុបមកសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សន្តិភាពនិងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ បើគ្មានសន្តិភាព គឺមិនអាចអភិវឌ្ឍបានទេ គ្មានសន្តិភាពក៍ពុំអាចនិយាយដល់ភាពលូតលាស់រឹងមាំនៃប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដែរ។ ត្រឡប់មកវិញ ការអភិវឌ្ឍដ៍ខ្លាំងក្លានឹងធ្វើឲ្យសន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពកាន់តែរឹងមាំ។ នេះជាចំណងទាក់ទង មិនអាចកាត់ផ្តាច់ពីគ្នាបានរវាងសន្តិភាព និង ការអភិវឌ្ឍ។
-ប្រជាជនកម្ពុជាស្អប់សង្គ្រាម ប្រជាជនត្រូវការការរស់នៅដ៍សុខសាន្ត សុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងជាតិទាំងមូល ។
-ប្រជាជន ត្រូវការអភិវឌ្ឍ និងកាលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។
-ប្រជាជនចង់បានកម្ពុជាមួយដែលមានភាពរឹងមាំខាងសេដ្ឋកិច្ច ទាំងខាងវប្បធម៌និងស្មារតី។
-ប្រជាជនចង់ឲ្យកម្ពុជារីកចម្រើន ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកប ដោយអារ្យធម៌ និងក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវសង្គ្រាមអំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត ។
ក្នុងន័យនេះហើយដែលប្រយោគ«អរគុណសន្តិភាព» បានក្លាយជាពាក្យស្លោកដ៍មានប្រជាប្រិយភាពបំផុតរបស់ប្រជាជនយើង ជានិមិត្តរូបនៃការសាទរយ៉ាងក្លៀវក្លាចំពោះ សមិទ្ធផល នៃសង្គមជាតិដែលសម្រេចបានមកដល់ពេលនេះនិងក្តីសង្ឃឹមចំពោះអនាគតជានិមិត្តរូបនៃការដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាពនិងវរជនទាំងឡាយដែលបានតស៊ូលះបង់ ដើម្បីសន្តិភាព។
យើងជាខ្មែរទាំងអស់គ្នាស្រឡាញ់សន្តិភាព គឺមានតែពួកភេរវជនប៉ុណ្ណោះដែលមិនត្រូវការសន្តិភាព យើងនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារសន្តិភាពរបស់យើងដែលរកបានមកដោយលំបាកបំផុតនេះឲ្យកាន់តែរឹងមាំ គង់វង្ស ស្ថិតស្ថេរ ទោះជាត្រូវបង់ដោយតម្លៃណាក៍ដោយ៕