រដ្ឋមន្ត្រីអាស៊ាន និងជប៉ុន ឯកភាពធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់


ទីក្រុងក្យូដូ៖ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងឆ្នាំនេះ ដែលមានឈ្មោះថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្រិតតំបន់ (RCEP)។
ការប្តេជ្ញាចិត្ត បានធ្វើឡើងកំឡុងពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសអាស៊ាន ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន កាលពីព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា នៅក្នុងខេត្តអូសាកា ប្រទេសជប៉ុន។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សា និងព្រមព្រៀងលើការអភិវឌ្ឍធនធានមនុស្ស, ការរៀបចំច្បាប់, និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបានក្របខ័ណ្ឌពាណិជ្ជកម្មសេរីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, គុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងអភិវឌ្ឍផែនការជាក់លាក់សម្រាប់កញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអស៊ាន រួមមានការគាំទ្រក្រុមហ៊ុនខ្នាតតូច និងមធ្យមនៅក្នុងប្រទេសជាសមាជិកអាស៊ាន។
គួររំលឹកដែរថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានស្នើឡើង រវាងរដ្ឋទាំងដប់នៃសមាជិកអាស៊ាន ជាមួយប្រទេសចំនួនប្រាំមួយ (អូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង និងនូវែលហ្សេឡង់)។ កិច្ចពិភាក្សាស្តីពី RCEP ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ នៅឯកិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
យោងតាមទិន្នន័យពីនាយកដ្ឋានស្ថិតិអាស៊ាន បានបង្ហាញថាពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុនបានកើនដល់ ២៣៨ពាន់លានដុល្លារ ក្នុងឆ្នាំ 2015។ អាស៊ានបាននាំចេញចំនួន ១១៤ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ខណៈដែលនាំចូលពីប្រទេសនៅអាស៊ីខាងកើតច្រើនជាង ១២៤ពាន់លានដុល្លារ នៅក្នុងឆ្នាំដដែល។