សម្ដេច សាយ ឈុំ ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចិត្ត


ព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ (ក្នុងនោះមានគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចំនួនប្រមាណជាង ២៧០ នាក់) បានចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជនក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ បានចំនួន ២ ០៧៩ ករណី ដែលរួមមាន៖ ពិនិត្យ ព្យាបាល ភ្នែកចំនួន ៦០៩ ករណី, មាត់-ធ្មេញចំនួន ៦៧០ ករណី, វះកាត់ខ្នាតតូចចំនួន ២៤ ករណី, ជម្ងឺទូទៅ រោគស្រ្តី និងកុមារចំនួន ៧៤១ ករណី, អេកូសាស្រ្តចំនួន ៣៥ ករណី និងបានផ្ដល់ឈើច្រត់ ១ គូរផងដែរ។

ឆ្លៀតឱកាសដែលក្មួយៗចប់បេសកកម្មវិលត្រឡប់មកដល់ភ្នំពេញវិញ សម្ដេចវិបុលសេនាភក្ដី ប្រមុខរដ្ឋស្តីទីបានជួបសំណេះសំណាលជាមួយក្រុមក្មួយៗ ក្នុងបរិយាកាសរីករាយ និងស្និទស្នាលបំផុត ដោយសម្ដេចបានមានប្រសាសន៍ថាៈ

– អ៊ុសូមថ្លែងអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗទាំងអស់ ដែលបានឆ្លៀតយកថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកចុះទៅពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជនយើងនៅមូលដ្ឋានដោយស្មារតីគោរព ស្រលាញ់ និងបម្រើប្រជាជនដោយពិតៗ

– អ៊ុពិតជាមានសេចក្ដីរំភើបណាស់ចំពោះទឹកចិត្តស្នេហាជាតិ និងស្រលាញ់ប្រជាជនឥតត្រើយត្រាណរបស់ក្មួយៗទាំងអស់។

– ក្មួយៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេន កសាង អភិវឌ្ឍ និងការពារប្រទេសទៅអនាគត។ សូមក្មួយៗទាំងអស់ថែរក្សានូវប្រពៃណីដ៏ល្អផូរផង់នេះ និងបន្តសកម្មភាពដ៏ថ្លៃថ្លានេះ ពោលគឺការពារប្រទេសឲ្យបានរឹងមាំ គង់វង្ស និងអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងនិរន្តរភាពដែលជាសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជនយើង៕