នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និង ចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក ចំនួន ៥២១ គ្រួសារ នៅភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គួរជម្រាបថា នៅថ្ងៃនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីពាំនាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១,០០០ គ្រួសារ ដែល ៥២១ គ្រួសារ នៅក្រុងសិរីសោភ័ណ និង ៤៧៩ គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែក កាលពីថ្ងៃទី៥ មករា ម្សិលមិញ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២,៣១៩ គ្រួសារ នៅខេត្តពោធិ៍សាត់ និង បាត់ដំបង។
អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម ស្ករស ២ គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ 4 កំប៉ុង មី ១០ កញ្ចប់ សាប៊ូដុះខ្លួន 4 ដុំ សាប៊ូលាងចាន ១ ដប និង អំបិល ១ គីឡូក្រាម៕