ឯកឧត្តម អូស្មាន ហាស្សាន់ ​នាំ​អំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ចែកជូនប្រជា​ពលរដ្ឋ​ ៥២១គ្រួសារ នៅខេត្ត​បន្ទាយមានជ័យ


បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៥២១គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ទទួលបានកញ្ចប់អំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ដើម្បី រួមចំណែក​ជួយ​សម្រាលភាពខ្វះខាតដល់ជីវភាព​រស់នៅរបស់ខ្លួននោះ។

អំណោយនេះត្រូវបាន ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម​ពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ​រួម​​ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​រួមនិងក្រុមការងារ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អំណោយ ដល់ប្រជាពលរដ្ឋ ខ្មែរឥស្លាមចំនួន ៥២១ គ្រួសារ នេះនៅភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ​ ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការនិងភាពចាំបាច់ របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់ជាទូទៅ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាណាមួយឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា កញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម(RABITA)សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិម​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាបិតាស្ថាបនិកអគ្គមគ្គទេស និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំ ពុះពារកសាងសុខសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «សន្តិភាព»របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើស មិទ្ធផលជាតិជាបន្តបន្ទាប់និងការអភិវឌ្ឍលើគ្រប់វិស័យដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តរួមសាមគ្គីគ្នាការពារសុខសន្តិភាពនេះឱ្យបាននូវស្ថិតស្ថេរគង់វង្ស៕