ក្នុងឆ្នាំ២០២០ នីតិកាលទី៦ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣៦


ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១  យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងឆ្នាំ២០២០ នីតិ​កាល ទី៦នេះ បានឱ្យដឹងថា រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចំនួន ១៧លើក បើកសម័យប្រជុំពេញអង្គរដ្ឋសភាបានចំនួន២លើក ប្រជុំរដ្ឋសភាជាវិសាមញ្ញបាន ចំនួន ៣លើក។

 

របាយការណ៍បានបញ្ជាក់ថា ការប្រជុំរដ្ឋសភាជាវិសាមញ្ញគឺជាការប្រជុំនៅក្នុងអំឡុង ពេលដែលរដ្ឋសភាវិស្សមកាល ហើយមានសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬករណីបន្ទាន់ផ្សេងៗដែលត្រូវឱ្យរដ្ឋសភាធ្វើការអនុម័តជាការប្រញាប់។ យោងតាម រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា សម័យប្រជុំរដ្ឋសភាមួយលើកៗ មានថេរវេលា យ៉ាងតិច៣ខែ។ រយៈពេលមួយឆ្នាំមកនេះរដ្ឋសភាបានប្រជុំអនុម័តសេចក្តីព្រាងច្បាប់បាន ៣៦ ក្នុងនោះមានច្បាប់ជាតិចំនួន១៣ និងច្បាប់ពាក់ព័ន្ធអន្តរជាតិចំនួន ២៣ច្បាប់។ សេចក្តី ព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តក្នុងឆ្នាំ២០២០ ភាគច្រើនជាច្បាប់ដែល រាជរដ្ឋាភិបាលបានផ្ញើជូនរដ្ឋសភា ដើម្បីស្នើសុំការអនុម័ត ដោយមួយចំនួនស្នើសុំការ អនុម័តជាការប្រញាប់ ដើម្បីបានជាឧបករណ៍គតិយុត្តសម្រាប់ការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ច សង្គម និងការស្តារការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងកាលៈទេសៈនៃការអនុវត្តវិធាន ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ច្បាប់ដែលរដ្ឋសភាបានអនុម័តទាំងអស់ សុទ្ធតែជាច្បាប់ដែលមានសារៈសំខាន់ បម្រើផលប្រយោជន៍ប្រទេសជាតិ ដូចជាច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ច្បាប់ថវិកាជាតិ ច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋជាមួយប្រទេ​សជិតខាង ច្បាប់ទាក់ទងទំនាក់ទំនងអន្តរជាតិលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ការធ្វើបត្យាប័ន ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការផ្តល់អាជ្ញាប័ណ្ណ ក្រុមអាកាសយានិក សិទ្ធិសហការលើការហោះហើរ សេវាកម្មដឹកជញ្ជូន និងការគ្រប់គ្រង ល្បែងពាណិជ្ជកម្មជាដើម។

នៅក្នុងសម័យប្រជុំរដ្ឋសភាសមាជិក សមាជិការដ្ឋសភា តំណាងរាជរដ្ឋាភិបាល បានពិភាក្សាដេញដោលយ៉ាងល្អិតល្អន់មុននឹងដាក់អនុម័តសេចក្តីព្រាងច្បាប់នីមួយៗ។ រាល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់មួយៗមុនយកមកដាក់ជូនសម័យប្រជុំពេញ អង្គរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ទាំងនោះ ត្រូវបានឆ្លងកាត់ការពិនិត្យសិក្សាយ៉ាងស៊ីជម្រៅនៅផ្ទៃក្នុងគណៈកម្មការជំនាញ នៃរដ្ឋសភា ឬអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា។ បន្ទាប់មកមានការពិនិត្យសិក្សារវាង គណៈកម្មការ រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដោយមានការសួរដេញដោលឱ្យពន្យល់ បកស្រាយ ច្បាស់លាស់ នូវចំណុចមិនច្បា​ស់​ចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា និងឯកភាព ទទួលយកមកដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សានិងអនុម័ត។ ក្រៅពីការបំពេញភារ កិច្ចការងារនីតិកម្មសមាជិករដ្ឋសភាមានកាតព្វកិច្ច ចុះសិក្សាឈ្វេងយល់សុខទុក្ខម្ចាស់ឆ្នោត នៅទូទាំងប្រទេស។ ច្បាប់កំណត់ថា សម័យប្រជុំរដ្ឋសភាមួយលើកៗ មានរយៈ ពេលយ៉ាងតិច៣ខែ ហើយក្នុងចន្លោះសម័យប្រជុំពីមួយលើកទៅមួយ លើកមានរយៈពេល ៣ខែ។ រយៈពេល ៣ខែនេះ ត្រូវបានហៅថា វិស្សមកាល ។ វិស្សមកាលនេះមិនមានន័យថា ត្រូវបានឈប់សម្រាកនោះទេ គឺគ្រាន់តែឈប់សម្រាកពីការប្រជុំពេញអង្គតែប៉ុណ្ណោះ។ នៅក្នុងពេលវិស្សមកាលរបស់រដ្ឋសភានេះថ្នាក់ដឹកនាំរដ្ឋសភា ព្រមទាំងសមាជិក សមាជិកា រដ្ឋសភាទាំងអស់បានចុះបំពេញការងារនៅក្នុងនាមជាតំណាងពលរដ្ឋ។ សមាជិក រដ្ឋសភា បានចុះទៅតាមមណ្ឌលរាជធានី-ខេត្តនានាទូទាំងប្រទេស ដើម្បីឈ្វេ​​ងយល់សុខទុក្ខ តម្រូវការ របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយចូលរួមអន្តរាគមន៍ដោះស្រាយបញ្ហា របស់ពលរដ្ឋ ឬពាំនាំជូនរាជរដ្ឋាភិបាលជួយដោះស្រាយ។

នៅពេលវិស្សមកាលម្តងៗទាំងសម្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិបណ្ឌិតកោសល្យ ងួន ញ៉ិល អនុប្រធានទី១ លោកជំទាវសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ និងសមាជិកសមាជិការដ្ឋសភាទាំងអស់បានចុះជួបប្រជាពលរដ្ឋ ចូលរួមកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យពុទ្ធចក្រ អាណាចក្រ និងការលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាចុះចែកអំណោយពេល ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ឬភ្លើងឆេះផ្ទះជាដើម។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២០ ក្នុងពេលដែលសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល កំពុងប្រឈមវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩  ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋ សភាបានបង្កើនសកម្មភាបយ៉ាងផុលផុស ក្នុងការចុះមូលដ្ឋានតាមមណ្ឌល ខេត្តនានាទូទាំងប្រទេស ដើម្បីជំរុញប្រជាពលរដ្ឋឱ្យចេះយកចិត្តទុក ដាក់ក្នុងការ ថែរក្សាសុខភាព ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ មិនត្រឹម តែប៉ុណ្ណោះនៅចុងឆ្នាំ២០២០នេះ មានតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា បានទទួលរង គ្រោះដោយជំនន់ទឹកភ្លៀង ក៏ថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា បានធ្វើសម្មភាព យ៉ាងសស្រាក់សស្រាំក្នុងការចុះទៅតាមតំបន់រងគ្រោះ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងនាំយកជំនួយឧបត្ថម្ភទៅចែកជូនអ្នករងគ្រោះ ដើម្បីជួយសម្រួល ការលំបាករបស់ ពលរដ្ឋផងដែរ។ នៅក្នុងអំឡុងពេលវិស្សមកាលនេះ ក៏ជាឱកាសយ៉ាង សំខាន់ដែល គណៈកម្មការជំនាញរដ្ឋសភា ត្រូវចុះសិក្សាឈ្វេងយល់វិស័យការងារ ដែលខ្លួនទទួលបន្ទុក ចុះជួយពលរដ្ឋតាមសហគមន៍ ជួបថ្នាក់ដឹកនាំខេត្ត-រាជធានី អាជ្ញាធរ ដែនដី ជួបក្រសួងមន្ទីរស្ថាប័នរដ្ឋ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជួបអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ រួមនឹងវិស័យឯកជនផងដែរ។

រយៈពេលមួយឆ្នាំនៃឆ្នាំ២០២០នេះ គណៈកម្មការនានារបស់រដ្ឋសភាបានចុះទៅកាន់ មូលដ្ឋាននៅតាមរាជធានីខេត្តនានាទូទាំងប្រទេស ដើម្បីឈ្វេងយល់វិស័យការងារ របស់អាជ្ញាធរ ក្រសួង មន្ទីរ អង្គភាពរបស់រាជរដ្ឋាភិបាល ពិសេសទាក់ទងនឹង ការងារ សិទ្ធិមនុស្ស ការប្រមូលពន្ធដារតាមច្រកព្រំដែន ការអភិវឌ្ឍបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ប្រព័ន្ធតុលាការ អប់រំ យុវជន វប្បធម៌ ទេសចរណ៍ សុខាភិបាល សង្គមកិច្ច ដឹកជញ្ជូន ទូរគមនាគមន៍ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។ ក្រៅពីនេះ គណៈកម្មការមួយចំនួន បានអញ្ជើញថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការឱ្យមក ឆ្លើយបំភ្លឺបកស្រាយ និងបង្ហាញលទ្ធផលការងារ ទិសដៅការងាររបស់ខ្លួនជូនរដ្ឋសភា ដែលជាស្ថាប័នតំណាងពលរដ្ឋបានដឹងផងដែរ។ ក្រៅពីការងារស្នូលខាងលើនេះ រដ្ឋសភា ក៏កំពុងខិតខំពង្រឹងវិស័យការទូតសភាផងដែរ ហើយវិស័យការទូតសភាគឺជាការធ្វើ សមារណកម្មសភាកម្ពុជាជាមួយសភាក្នុងតំបន់ និងពិភពលោក។ វិស័យការ ទូតសភា គឺជាការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិទាំងក្របខ័ណ្ឌពហុភាគី និង ទ្វេភាគី ដែលជាការពង្រឹងយន្តការសភាក្នុងការចូលរួមដោះស្រាយបញ្ហារួមក្នុងតំបន់ និងពិភពលោក ជំរុញវប្បធម៌អហិង្សា ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។  ដោយសារតែវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងឆ្នាំ២០២០នេះ ក៏ជាពេល ដែលកិច្ចការទូតសភាបានជួបប្រឈមនៃការលំបាកជាខ្លាំង ក្នុងជំនួបសវនាការជាមួយ ភ្ញៀវបរទេស ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំ និងសមាជិកសភា និង កិច្ចប្រជុំសំខាន់ៗជាលក្ខណៈអន្តរជាតិជាច្រើនត្រូវបានផ្អាកដំណើរការ។

ទោះបីស្ថិតក្នុងស្ថាន ភាពលំបាករដ្ឋសភាស្ថិតក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏នៅតែខិតខំពង្រឹងពង្រីកវិស័យការ ទូតសភាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីទៅតាម គ្រប់មធ្យោបាយ និងវិធីសាស្ត្រដែលអាចដំណើរការទៅបាន ពិសេសការអនុវត្តទៅ តាមទម្រង់ថ្មីគឺការចូលរួម កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ និងប្រជុំតាមកម្មវិធីហ្សូមជាដើម។ ជាការកត់សម្គាល់ លើការងារពង្រឹងវិស័យការទូតសភាឆ្នាំ២០២០នេះ ក្រៅពីជំនួបសវនាការ ជាមួយថ្នាក់ដឹកនាំ ប្រទេសជាមិត្ត អង្គទូតបរទេសជាច្រើននៅក្នុងប្រទេសហើយនោះ ថ្នាក់ដឹកនាំរដ្ឋសភា ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំសំខាន់ៗមួយ ចំនួននៅក្រៅ ប្រទេសផងដែរ មានដូចជានៅក្នុងអំឡុងខែមករា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាទៅចូលរួម ក្នុងកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៨ នៅប្រទេស អូស្ត្រាលីដោយផ្ទាល់ នៅចុងខែកញ្ញាឆ្នាំ២០២០ សម្តេចបានថ្លែងសន្ទរកថាគន្លឹះ ទៅកាន់មហាសន្និបាត នៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកល ក្រោមប្រធាន បទ”ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកលតាមប្រព័ន្ធវីដេអូអនឡាញ”  នៅមជ្ឈ​មណ្ឌ​លសន្តិភាពចុងស៊ីម សា​ធារណរដ្ឋកូរ៉េ។

នៅដើមខែកញ្ញា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរស​ភា​អាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ប្រទេសវៀតណាម។ ក្នុងអំឡុងពេល នោះគណៈប្រតិភូសភាកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការនានា របស់មហា សន្និបាតផងដែរ មានដូចជាកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្ត្រី  កិច្ចប្រជុំរបស់ សមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំ គណៈកម្មាធិ ការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំ របស់គណៈកម្មាធិការរៀបចំ។ នៅក្នុងខែមិថុនា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុ ប្រធានទី២រដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំទល់មុខគ្នា រវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន អាយប៉ា តាមប្រពន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ប្រទេសវៀតណាម។

លើសពីនេះទៀតលោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២រដ្ឋសភា ក៏បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំជាលក្ខណៈអន្តរជាតិមួយចំនួនទៀតផ្សេងផងដែរ មានទាំងការ អញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងការពង្រឹងវិស័យការទូតសភានេះ រដ្ឋសភាកម្ពុជាក៏មានគណៈកម្មការ ជំនាញមួយក្នុងការបំពេញបេសកកម្មការទូតនេះដែរ នោះគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមានឯកឧត្តម ឈាង វុន ជាប្រធាន ដោយបានធ្វើសកម្មភាពពង្រឹងវិស័យការទូតសភាទាំងនៅក្នុងប្រទេស និងក្រៅ ប្រទេស។ ជាក់ស្តែងនៅក្នុងខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈាង វុន បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភាអាភីយូ តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីប្រទេសស្វីស។ ក្រៅពីគណៈកម្មការជំនាញក្នុងការបំពេញបេសកកម្មការទូតខាងលើនេះ គណៈកម្មការ ផ្សេងៗមួយចំនួនទៀតក៏បានរួមចំណែកក្នុងការជំរុញវិស័យការទូតសភានេះតាមរយៈរៀបចំកិច្ចប្រជុំទ្វេភាគី ឬពហុភាគីរវាងគណៈកម្មការរដ្ឋសភា ឬជួបប្រាស្រ័យទាក់ទងជា មួយភ្ញៀវបរទេសនានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕