ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនជំនាន់ក្រោយ ចងចាំ និងបេ្តជ្ញាការពារសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ បន្តពីយុវជនជំនាន់មុន


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានលើកឡើងពីគុណបំណាច់របស់ថ្ងៃ៧មករា ជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។

ក្នុងនាមជាមេដឹកនាំយុវជនជំនាន់ក្រោយមួយរូប ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា យុវជនជំនាន់ក្រោយបន្តចងចាំ និងប្ដេជ្ញាការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើងបន្តទៅថ្ងៃអនាគត។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនៅលើហ្វេសប៊ុករបស់លោក ចំនឹងខួប៤២ឆ្នាំនៃ ថ្ងៃជ័យជំនះ ៧មករា ដោយបញ្ជាក់បែបថា «ថ្ងៃនេះ ជាថ្ងៃជ័យជំនះរបស់យើងទាំងអស់គ្នា។ សម្រាប់ប្រជាជនកម្ពុជា ថ្ងៃនេះកាលពី៤២ឆ្នាំមុន ជាថ្ងៃដែលយើងបានជួបជុំក្រុមគ្រួសារយើងជាថ្មី និងក៏ជាថ្ងៃដែលយើងដណ្តើមបានមកវិញនូវសិទ្ធិ និងសេរីភាពពេញលេញពីរបបដ៏ខ្មៅងងឹតនៃបនប្រល័យពូជសាសន៍»។

ឯកឧត្តមបានបន្តថា «ថ្ងៃនេះ កាលពី៤២ឆ្នាំមុន ក៏ជាថ្ងៃដែលយុវជនយើងជំនាន់មុន សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ជូនជាតិ និងមាតុភូមិ ដែលភាពជោគជ័យនេះ កើតចេញពីការលះបង់ ការដាក់ប្រយោជន៍បុគ្គលម្នាក់ៗដោយឡែក ហើយមករួបរួមគ្នា ពុះពារដើម្បីសម្រេចនូវបុព្វហេតុរួមខាងលើ»

«ដោយយល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបានរបស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ យុវជនជំនាន់ក្រោយក៏តោងចងចាំ និងបេ្តជ្ញាឲ្យបានមុះមុតក្នុងការការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើងបន្តទៅថ្ងៃអនាគត»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ហ៊ុន ម៉ានី។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃរំដោះ៧មករា។ នៅឆ្នាំនេះ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពុំបានរៀបចំអង្គមិទ្ទិញឱ្យបានធំដុំដូចសព្វដងនោះទេ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ដែលបន្តពីឆ្នាំមុន។ ទោះជាយ៉ាងនេះក្តី នៅតាមបណ្តាញសង្គម Facebook ទាំងអ្នកនយោបាយ យុវជន និងប្រជាពលរដ្ឋ បានបង្ហោះសាទរដល់ខួបលើកទី៤២ឆ្នាំ នៃថ្ងៃកំណើតទី២ «៧មករា» ផងដែរ៕