ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងថាៈសន្តិភាពបានផ្តល់ឱកាសអោយយើងបានអភិវឌ្ឍន៍ទទួលបានសមិទ្ធផលថ្មីៗជាច្រើន


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងពិធីក្រុងពាលីឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការនៅសួនច្បារថ្មីដែលប្រសិទ្ធិនាមថា “សួនច្បារសម្តេចព្រះសង្ឃរាជជួន ណាត” សាងសង់លើផ្ទៃដីជាងកន្លះហិកតា នៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ សួនច្បារជាសមិទ្ធផលថ្មីដែលធ្វើពិធីឆ្លងនេះ បានប្រសិទ្ធិនាមថា “សួនសម្តេចព្រះសង្ឃរាជជួនណាត” បានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ហើយសួននេះមានទទឹង២១ម៉ែត្រ និងបណ្តោយ២៤០ម៉ែត្រ នៅលើផ្ទៃសួនទាំងមូលលម្អដោយដាំស្មៅ ផ្ការ បំពាក់ភ្លើងអំពូល និងមានបុស្បុកមួយតំកល់រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ស្ថិតនៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈការដាក់រូបសំណាក សម្តេចព្រះសង្ឃរាជជួន ណាត នៅលើសួរច្បារថ្មីនេះមុខសាលាវិទ្យាល័យក្រុងនេះ គឺជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និងជាការលើកកំពស់ វិស័យព្រះពុទ្ធសាសនា។ ប្រជាពលរដ្ឋ ជិតឆ្ងាយមកលេងកំសាន្តនៅទីតាំងសួនថ្មី របស់ខេត្តកំពង់ឆ្នាំង ឬអាចមកហាត់ប្រាណដែលមានបរិយាកាស បរិស្ថានល្អ និងសូមចូលរួមថែរក្សាសួនមួយនេះដើម្បីប្រយោជន៍រួមទាំងអស់គ្នា ៕