ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១


ព្រះសីហនុ  ព្រឹកថ្ងៃ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ  ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០១៦-២០៣០ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀននៅខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ១សាលាបឋមសិក្សាចំនួន ៧២, អនុវិទ្យាល័យ១៨, វិទ្យាល័យ ៩, សាលាគរុកោសល្យ និងវិក្រឹតការ ១កន្លែង ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ព្រមទាំងបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើក បវេសននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០កន្លងមក។ ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មីក្នុងវិស័យអប់រំនៅកម្ពុជា។

ឯកឧត្តម គួច ចំរើន បន្តថា យើងត្រូវស្ថិតនៅក្នុងគន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កម្ដៅនៅតែបន្តអនុវត្តន៍ ថ្វីត្បិតតែការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ សម្រាប់ខេត្តព្រះសីហនុ បានបើកបវេសន កាលឆ្នាំសិក្សាថ្មីនៅតាមគ្រឹះស្ថានសិក្សាចំនួន ៩៥កន្លែង ។ យើងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅក្នុងសហគមន៍នាឆ្នាំកន្លងមក ដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ក៏ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet ។ កន្លងមកលោកគ្រូ អ្នកគ្រូរបស់យើងបានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ម្យ៉ាងទៀតដោយមានការចូលរួមពីមាតា បិតា ជំរុញកូន-ចៅចូលរួមសិក្សាតាមប្រព័ន្ធអនឡាញ ហើយយើងជម្នះបានជាបន្តបន្ទាប់ ។ ថ្វីត្បិតតែយើងត្រូវរក្សាគម្លាតដែលតម្រូវសាលាមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ  ឬតាមប្រព័ន្ធឌីជីធល ដើម្បីអភិវឌ្ឍន៍សមត្ថមភាពប្រកបដោយគុណវុធ ។ មន្ទីរអប់រំត្រូវរៀបចំផែនការ សកម្មភាពនៃការប្រែប្រួលដោយសារជំងឺកូវីដ-១៩ ហើយថ្ងៃនេះជាការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី ដោយបង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់អនាគតប្រទេសជាតិ  ។

ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រចែករំលែកផ្តល់អត្ថប្រយោជន៍ និងទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីយើងមានធនធានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តរបស់យើង ម្យ៉ាងទៀតយើងក៏ត្រូវអភិវឌ្ឍន៍ក្រុងរបស់យើងប្រកបដោយផាសុកភាពនៃការរីកចម្រើន ។

​ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញការងារ នាឆ្នាំកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងខេត្តទទួលបានលទ្ធផលល្អ ៕