អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង


ថ្ងៃចន្ទទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។
លោកជំទាវអភិបាលខេត្ត បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រម​ទាំង​មាន​ប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅ​ក្រោម​ម្លប់​​សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបាន​សាង​សង់​អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។
លោកជំទាវបន្តទៀតថា កន្លងមកអត្រាកំណើនសិស្ស នៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅ​មួយឆ្នាំ​គឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួល​បាន​និទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគត​ប្រទេស​ជាតិយើង។
លើសពីនេះទៀត លោកជំទាវក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយ​បន្ថែម​ទៀត​អំពីការរស់នៅបែបគន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សា​អនាម័យ​ឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាល់កុល ឬជែលលាងដៃ យកតាម​ខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩ នេះ មិនមែនកើតមានតែ​នៅប្រទេស​កម្ពុជា​នោះ​ទេ​គឺកើតមាននៅទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ៕