ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមានសន្តិភាព។

វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។

ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសរើសយកវិមានសន្តិភាព ធ្វើពិធីបិទសន្និបាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឱកាសដល់ប្រជាកសិករ មានឱកាសទស្សនាវិមានសន្តិភាព។

* សម្តេចតេជោ បានថ្លែងថា សន្និបាតរបស់ក្រសួងមិនត្រឹមតែ ជាការបូកសរុបលទ្ធផលរបស់ក្រសួងនោះទេ តែក៏ជាវេទិកាផ្លាស់ប្តូរបទពិសោធន៍ ទស្សនៈ និងយោបល់នានា សម្រាប់អភិវឌ្ឍន៍លើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ។

* សម្តេចតេជោ បានកោតសរសើរដល់ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ដែលបានរួមគ្នាប្រឹងប្រែងជួយធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា កាន់តែល្អប្រសើរ ហើយសម្តេចក៏បានកោតសរសើរដល់ប្រជាកសិករខ្មែរ ដែលបានប្រឹងប្រែងក្នុងការដាំដុះ។

* ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានថ្លែងកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មជាពិសេសដំណាំស្រូវ ទទួលបានទិន្នផលល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្រ្តីបច្ចេកទេសកសិកម្មប្រឹងប្រែងរកវិធីសាស្រ្ត និងរកពូជស្រូវ ព្រមទាំងដំណាំផ្សេងៗទៀត ឲ្យសមស្របទៅនឹងស្ថានភាពនៃបម្រែបម្រួលអាកាសធាតុ។

* សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួងកសិកម្ម ត្រូវបានប្រឹងប្រែងស្វែងរកបច្ចេកទេសខ្ពស់ និងធ្វើទំនើបកម្មទៅលើវិស័យកម្ម ដើម្បីឲ្យការធ្វើកសិកម្មទទួលបានផលល្អប្រសើរ និងធនជាមួយការបម្រែបម្រួលអាកាសធាតុ។

* សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការទាក់ទាញដៃគូវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ធ្វើយ៉ាងណាឲ្យការនាំចេញទំនិញផ្នែកកសិកម្មឲ្យបាន១២ភាគរយ នៃទំនិញនាំចេញសរុបនៅឆ្នាំ២០២៥​។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា ឧស្សាហកម្មនៅកម្ពុជានាពេលបច្ចុប្បន្នមានការជឿនលឿន ប៉ុន្តែតម្រូវការកែច្នៃនៅមាន កម្រិតនៅឡើយ ដែលជាហេតុធ្វើឲ្យផលិតផលកសិកម្ម ពុំមានការច្នៃគ្រប់គ្រាន់នោះទេសម្តេចតេជោ បានថ្លែងថា ឧស្សាហកម្មដែលសម្តេចចង់ បានបំផុត គឺឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនការងារ។

* សម្តេចតេជោ បានថ្លែងថា ការនាំចេញកសិផល គឺនៅតែជាចំណោទបញ្ហាសម្រាប់ប្រជាកសិករ។ បញ្ហាប្រឈមនេះគឺមិនមែនតែកម្ពុជានោះទេ ប្រទេសជិតខាងក៏ជួបបញ្ហាក្នុងការនាំចេញកសិផលដូចកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេសថៃសល់អង្កររហូតដល់ប្រមាណ១២លានតោន ព្រោះតែការប្រកួតប្រជែងទីផ្សារ និងការចាល់អង្ករពីបណ្តាប្រទេសផលិតអង្ករដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ប្រកួតប្រជែងតែគ្នាឯង ខណៈប្រទេសមានការអភិវឌ្ឍន៍ មិនសូវជាមានការប្រកួតប្រជែងគ្នាខ្លាំងនោះទេ ដោយសារតែប្រទេសទាំងនោះផលិតតែផលិតដែលកម្រ។

* សម្តេចតេជោ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុងដាវ៉ូស បន្ទាប់ពីប្រទេសអភិវឌ្ឍន៍ជឿនលឿនត្អូញត្អែរថា តម្លៃកសិផលមានតម្លៃខ្ពស់ ខណៈប្រទេសកំពុងអភិវឌ្ឍន៍ថា ទំនិញកសិផលរបស់ពួកគេមានតម្លៃទាបខ្លាំង។

* សម្តេចនាយករដ្ឋមន្រ្តី បានសុំឲ្យមានការយោគយល់ពីប្រជាកសិករ។ សម្តេចតេជោថា រាជរដ្ឋាភិបាលប្រឹងប្រែង និងចង់បានណាស់ការនាំចេញអង្ករ ព្រមទាំងតម្លៃកសិផលនានាទៅកាន់ទីផ្សាររបស់ពិភពលោក។ សម្តេចតេជោ បានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវប្រឹងប្រែងចរចាជាមួយអង្គការពាណិជ្ជកម្ម ពិភពលោក ក្នុងការសម្រួលដល់លំហូរទំនិញពីប្រទេសនានា ក៏ដូចជាការបញ្ចញទំនិញពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅប្រទេសអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងលក់អង្ករទៅកាន់ទីផ្សារបរទេស កម្ពុជាពិបាកប្រកួតប្រជែងដោយសារតែតម្លៃរបស់កម្ពុជាខ្ពស់ជាងគេ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយសម្រាប់កសិផលរបស់កសិករនោះឡើយ ហើយពេលទៅណា គឺតែងតែអំពាវនាវនៅទីនោះឲ្យជួយទិញកសិផលរបស់កម្ពុជា ដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងនេះ សម្តេចតេជោ ស្នើប្រជាពលរដ្ឋដាំដុះស្រូវដែលមានគុណភាពល្អ ហើយកុំប្រើប្រាស់ថ្នាំពុល ដែលនាំឲ្យប៉ះពាល់គុណភាព និងបាត់បង់ទីផ្សារ។

* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋកុំប្រើប្រាស់ថ្នាំគីមី ដែលនាំឲ្យខូចគុណភាពអង្ករ។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ស្ថានភាពដាំដុះរបស់ប្រជាកសិករ បានវិវឌ្ឍន៍ពីការផលិតត្រឹមតែ ដើម្បីទទួលទានក្នុងគ្រួសារ មកកាន់ការផលិតសម្រាប់តម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសសម្តេចគូសបញ្ជាក់ថា បើចង់បានតម្លៃស្រូវខ្ពស់ ត្រូវដាំដុះពូជស្រូវ ដែលល្អ និងអាចលក់បានតម្លៃថ្លៃ។

* សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហកាជាមួយក្រសួងធនធានទឹក ដើម្បីបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានកាន់តែច្រើន ជួយសម្រួលដល់ការដាំដុះរបស់ប្រជាកសិករ។