ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ » នៅ​ថ្ងៃទី​១៤-១៦ មេសា​នេះ​


ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ »  ដើម្បី​អបអរ​ឆ្នាំ​ថ្មី និង​បង្កើន​ភាពសប្បាយ​រីករាយ ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ ដែល​មិន​ចាកចេញ​ទៅតាម​ខេត្ត​ផ្សេងៗ​។ ព្រឹត្តិការណ៍​នេះ មានការ​លេងល្បែង​ប្រជាប្រិយ ការតាំង​ពិ​ព័រ​ណ៌ និង​ការប្រគំ​តន្ត្រី​ផ្សេងៗ​។ «​សង្ក្រាន្ត​វត្តភ្នំ​»​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ មេសា នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។

ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ » ក្នុង​គោលបំណង​បង្កើន​ការ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ «​សង្ក្រាន្ត​វត្តភ្នំ​»​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ មេសា នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​អោយដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​កម្មវិធី​នេះ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ផ្ដល់ឱកាស​ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ ដែល​មិនបាន​ចាក​ចេញពី​ក្រុង ទៅ​កម្សាន្ត​នៅតាម​ខេត្ត ឬ​តាម​រមណីយដ្ឋាន​ផ្សេងៗ ឲ្យ​ទទួលបាន​ភាពសប្បាយ​រីករាយ​។  ជាពិសេស លោក បញ្ជាក់ថា នៅ​ឆ្នាំនេះ មានកម្ម​វិធី​ប្លែកៗ​ជាច្រើន ដែល​ខុសពី​ឆ្នាំមុនៗ ដូចជា ពិធី​សាសនា ពិធី​ពូន​ភ្នំខ្សាច់ ពិធី​គោរព​ទួល​អ្នកតា​ភូមិ និង​ពិធី​ស្រង់​ព្រះ​។ ម្យ៉ាងទៀត ព្រឹត្តិការណ៍​នេះ ក៏មាន​ការសម្ដែង​របាំ​ត្រុដិ ការលេង​ល្បែង​ប្រជាប្រិយ ១៦​ប្រភេទ ការតាំង​បង្ហាញ​ផ្ទះ​បុរាណ ការតាំង​បង្ហាញ​នំ​បង្អែម​ខ្មែរ ការប្រគំ​តន្ត្រី​ប្រពៃណី​ខ្មែរ និង​ការប្រគំ​តន្ត្រី​ខ្នាត​ធំ​ជាដើម​។

អ្នកនាំពាក្យ​រូបនេះ អះអាងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​វត្ត​ភ្នំ ទាំង​សុវត្ថិភាព និង​ចរាចរណ៍ ដោយ​សាលា​រាជធានី បានរៀបចំ​ចំណត​យានជំនិះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ លោក ម៉េ​ត មាស​ភក្ដី សង្ឃឹមថា​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើនជាង​ឆ្នាំមុនៗ ព្រោះ​ឆ្នាំនេះ មានការ​រៀបចំ និង​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​។