អភិបាលខេត្តកំពត ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសកម្មភាពការងារឱ្យមានប្រសិទ្ធភាពទ្វេរដងនៅឆ្នាំ២០២១នេះ


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានណែនាំ និងដាក់ទិសដៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងអង្គភាពចំណុះជុំវិញខេត្តកំពត ត្រូវបង្កើន និងពង្រឹងសកម្មការងារឱ្យកាន់តែមានប្រសិទ្ធភាពទ្វេរដងនៅឆ្នាំ២០២១នេះ។

ឯកឧត្តម ជាវ តាយ បានណែនាំដូចនេះ ក្នុងឱកាសដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត លើកទី៣២ និងធ្វើការបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២០ នៅសាលាខេត្តកំពត នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម ជាវ តាយ បានបន្តថា សកម្មភាពការងារបម្រើពលរដ្ឋដូចជា ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការងារអភិវឌ្ឍន៍ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត និងសន្តិសុខនៅជាប់ព្រំដែនខេត្តកំពត និងខេត្តគៀនយ៉ាង (កម្ពុជា-វៀតណាម) ត្រូវធ្វើឱ្យមានលក្ខណៈល្អប្រសើរ និងត្រូវគិតថាជាការងារ សំខាន់នៅចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ ក្នុងនោះរដ្ឋបាលខេត្តកំពតត្រូវតែបន្តបង្កើនពង្រឹង សកម្មភាពការងារឲ្យមាន ប្រសិទ្ធភាពទ្វេរដងបន្ថែមទៀត ខណ:នៅ ឆ្នាំ២០២០កន្លងទៅ លទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពត មានលក្ខណៈល្អប្រសើរ លើគ្រប់វិស័យ និងផ្នែកដ៏ទៃទៀត ដោយសារមានការចូលរួមសហការគ្នាបានល្អ។

ឯកឧត្តមអភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីផ្ដល់ភាពកក់ក្ដៅនិងបង្កើនជំនឿចិត្តចំពោះប្រជាពលរដ្ឋបន្តទៀត លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពតបានកំណត់ទិសដៅ ការងារភារកិច្ចជាច្រើន សម្រាប់អនុវត្តបន្តទាំងការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំវេទិការសាធារណៈស្ដីពីការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពការងារដោះស្រាយបញ្ហា សំណូមពរតម្រូវការភាពខ្វះខាតចាំបាច់របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ពិសេសបន្តបង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ផ្សេងៗ មុននឹងឈានដល់ការអនុវត្តច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ចជំនាញ ចាប់ពីពេលនេះទៅត្រូវបង្កើន និងពង្រឹងសកម្មភាពការងារឲ្យបានសស្រាក់សស្រាំ និងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ពិសេសការចូលរួមរក្សាឱ្យបានល្អប្រសើរថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយ ដល់មូលដ្ឋានដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខដុមរមនា៕