រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩~២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី


សណ្ឋាគារភ្នំពេញ៖ នាថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩~២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមសរុបចំនួន ១៦៦ នាក់ ស្រ្តីចំនួន ១៣៩នាក់ ជាថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នពាក់ពន្ធ័ ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន ក្រសួងកិច្ចការនារី ប្រធាន អនុប្រធានផ្នែកនៃក្រុមប្រឹក្សាជាតិដើម្បីស្រ្តីកម្ពុជា និងប្រធាន អនុប្រធានមន្ទីរកិច្ចការនារីទាំង២៥រាជធានី ខេត្ត ក្រុង។
នៅក្នុងឱកាសនេះផងដែរ លោកជំទាវកិត្តិបណ្ឌិតក៍បានមានប្រសាសន៍ថា៖ ជំងឺកូវីដ-១៩ ចាប់ផ្តើមកើតនៅចុងឆ្នាំ២០១៩ និងបានរីករាលដាលជាសកល ហើយករណីឆ្លងថ្មីកំពុងបន្តកើនជារៀងរាល់ថ្ងៃ។ មកទល់ពេលនះ វិបត្តិនៃជំងឺកូវីដនៅមិនទាន់ចប់នៅឡើយទេ ទន្ទឹមនឹងនេះ រលកថ្មីនៃជំងឺនេះ ពិសេសការរីករាលដាលនៃកូវីដប្រភេទថ្មី តាមបណ្តាប្រទេសមួយចំនួនកំពុងបង្កើតឱ្យមានក្តីបារម្ភថ្មីទៀត។
នៅក្នុងវិបត្តិនេះ នៅក្នុងទិដ្ឋភាពជាសកល មានការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា កូវីដ-១៩មានផលប៉ះពាល់ជាអវិជ្ជមានមកលើស្រ្តីច្រើនជាងបុរស ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម ។
• ស្រ្តីជាមុខសញ្ញាចម្បងដែលអាចទទួលរងប៉ះពាល់មុខគេ ជាពិសេសសុខាភិបាលជួរមុខជាស្រ្តី។
• ស្រ្តីធ្វើការនៅក្នុងទីផ្សារពលកម្មដែលមិនសូវមានសុវត្ថិភាព ត្រូវរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ធ្ងន់ធ្ងរជាងពីវបត្តិកូវីដ រួមទាំងអ្នកធ្វើការនិងប្រកបមុខរបរនៅក្នុងវិស័យសេវាកម្ម និងទេចរណ៍។
• ស្រ្តីជិត៦០% នៅទូទាំងពិភពលោក កំពុងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលងាយនឹងរងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រី។
• ការងារថែទាំដែលមិនមានប្រាក់កម្រៃរបស់ស្រ្តីមានការកើនឡើង ដោយសារការបិទសាលារៀន និងការកើនឡើងនៃតម្រូវការរបស់មនុស្សវ័យចាស់។
ទោះជាយ៉ាងណា សម្រាប់កម្ពុជា, ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី, កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា ឱ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈវិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតនិងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិ។
លោកជំទាវ កិត្តិបណ្ឌិតក៍បានមានប្រសាសន៍បន្ថែមទៀតថា៖ ដើម្បីឆ្លើយតបនិងវិបត្តិខាងលើនេះ រាជរដ្ឋាភិបាលកំពុងរៀបចំក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ នឹងផ្តោតលើអភិក្រមចំនួន៣គឺ៖
ទី១.យុទ្ធសាស្រ្ត ដើម្បីរស់ (Survival) ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផង ព្រមទាំងដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្មនិងធុរកិច្ច ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់និងការចំណាយក្នុងស្រុក។ ក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានាដែលមានស្រាប់ ក៏ដូចជាបន្តនូវអន្តរាគមន៍ផ្សេងៗ របស់រាជរដ្ឋាភិបាល ដូចជាការបន្តអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្មជាដើម។
ទី២.ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្មនិងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនិងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច ព្រមទាំងការជំរុញនិងអភិវឌ្ឍឌីជីថលភាវូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាកាលានុវត្តភាព ។
ទី៣. ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាពនិងបរិយាប័ន្ន តាមរយៈការកសាងនិងពង្រឹងសមត្ថភាពស្ថាប័ន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគន្លឹះ, ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់ ដោយការបង្កើនលំហរថវិកា, ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក, ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ, ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍន៍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុជាដើម៕