រដ្ឋបាលខេត្តបាត់ដំបង ផ្តល់រថយន្តគិលានសង្រ្គោះចំនួន២គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត


បាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រគល់ និងទទួលរថយន្តរថយន្តគិលានសង្រ្គោះ ចំនួន២គ្រឿង ដែលជាជំនួយពីទីក្រុងសេជុងនៃសាធារណរដ្ឋកូរ៉េ តាមរយៈរដ្ឋបាលខេត្ត បាត់ដំបង ជូនដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញ និងលើកទឹកចិត្តដល់ មន្ត្រីសុខាភិបាលទាំងអស់ត្រូវបម្រើសេវានៃការជួយសង្រ្គោះជនរងគ្រោះឱ្យបានល្អ ព្រោះការ ផ្តល់នូវរថយន្តគិលានសង្រ្គោះចំនួន២គ្រឿងនេះ គឺជាគោលបំណងដ៏សំខាន់របស់ម្ចាស់ ជំនួយទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើការពង្រឹងដល់ការបម្រើសេវានៃ ការជួយសង្រ្គោះដល់ងជនរងគ្រោះ ឬអ្នកជំងឺឱ្យបានលឿន និងឆាប់រហ័ស ដើម្បីយកមកធ្វើការសង្រ្គោះអាយុជីវិតបានទាន់ពេលវេលា។

​កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយដើម្បីពង្រឹង ដល់ ចំណងមិត្តភាពរវាង រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល ទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ រដ្ឋបាលទីក្រុងសេជុង ក៏បានប្រគល់ជូន នូវរថយន្តគិលាន សង្រ្គោះចំនួន២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីបម្រើឱ្យផលប្រយោជន៍រួម ក្នុងខេត្តបាត់ដំបងទាំងមូលផងដែរ៕