ឯកឧត្តម វង សូត ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបាន ទាន់ពេលវេលា


ឯកឧត្តម វង សូត បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស មន្ត្រីអនុវត្តន៍ត្រូវខិតខំបម្រេីសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំច្រណែនគ្នា និងត្រូវមានការយោគយល់ចំពោះគ្រួសារដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងអំឡុង ពេលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ។

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្ដម រដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស មន្ត្រីដែលគ្រប់គ្រងកម្មវិធីឧបត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុក ដាក់ ព្យាយាមបម្រើតាមតម្រូវការ ចុះសម្ភាសន៍ផ្ទាល់ៗ កុំរង់ចាំអស់ពេលបានចុះទៅធ្វេី ពោលគឺ គ្រួសារដែលក្រីក្រពិត ប្រាកដគឺទទួលបានសាច់ប្រាក់ឧបត្តម្ភនេះហេីយ។

ឯកឧត្ដម រដ្ឋមន្ត្រី បានអំពាវនាវ បន្ថែមចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនិងមានជីវភាពខ្វះខាតទូទាំងប្រទេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ-១៩នេះ កុំច្រណែនគ្នា និងចេះយោគយល់គ្នា ហើយត្រូវខិតខំស្វែងរកការងារ និងបង្កេីតមុខរបរធ្វើ ដើម្បីសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសេីរវិញ ៕