ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតី និងដឹកនាំគណៈកម្មាធិការប្រតិបត្តិ (EXCOM)បើកកិច្ចប្រជុំ


នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី និងដឹកនាំគណៈកម្មាធិការប្រតិបត្តិ​ (EXCOM) ក្រសួងបរិស្ថាន​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ទាំង២៥ រាជធានី-ខេត្ត។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើ៖ ១) លទ្ធផលនៃការអនុវត្តកម្មវិធីការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ២) ការពង្រឹងការអនុវត្តថវិកាកម្មវិធី ដើម្បីសម្រេចបានសូចនាករ ៣) ការពង្រឹងស្ថាប័ន និងភាពជាម្ចាស់រួមទាំងមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ ក៏ដូចជាការអនុវត្តសកម្មភាពការងារនៅក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍មួយចំនួនដើម្បីអនុវត្តន៍បន្តរួមមាន៖ ១) ការអភិវឌ្ឍន៍តំបន់ឧទ្យានជាតិ ឱ្យមានលក្ខណៈជាស្តង់ដា និងពង្រឹងសេវាកម្មល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​ ២) ការគិតគូរពីសារធាតុគ្រោះថ្នាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាជន​ ៣) ពង្រឹង​និងយកចិត្តទុកដាក់ការរស់នៅរបស់ប្រជាសហគមន៍​ ក្នុងតំបន់ការពារធម្មជាតិ​ ៤) ពង្រឹងការអប់រំផ្សព្វផ្សាយបរិស្ថានតាមគ្រប់មធ្យោបាយ ដូចជាការបញ្ចាំងភាពយន្ត និងស្ពតអប់រំ​ ៥)​ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់អ្នកចូលរួមក្នុងកិច្ចគាំពារបរិស្ថានជាមួយស្ថាប័នឯកជន និងការរចនារង្វាន់លើកទឹកចិត្ត​ ៦) ការពិនិត្យលទ្ធភាពសាងសង់អគារបន្ថែមសម្រាប់មជ្ឈមណ្ឌលជីវៈចម្រុះ និងមន្ទីរពិសោធន៍ជាតិ
និង​ ៧) និងការពិនិត្យលទ្ធភាពរៀបចំយានដ្ឋានសម្រាប់មន្ត្រីបរិស្ថាន៕