រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរអាជ្ញាធរខេត្តព្រៃវែង ចំពោះការងារបរិស្ថាន


(ព្រៃវែង)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារ របស់អាជ្ញាធរខេត្ត និងមន្ទីរ រដ្ឋបាលក្រុងស្រុក ដែលបានខិតខំយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះការងារបរិស្ថាននៅក្នុងខេត្តព្រៃវែងនេះ ធ្វើយ៉ាងណាឱ្យខេត្តព្រៃវែងទទូលបាននៅទីក្រុង និងទីប្រជុំជននៃខេត្ត មានសោភ័ណភាព ស្រស់បំព្រង គឺគ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈនានាក្នុងក្រុងព្រៃវែង ធានាបាននូវ សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរ។

ការកោតសរសើរបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមទាំងមន្ទីរអង្គភាពជំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា សិក្ខាសាលានេះគឺមានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ជាពិសេស លើការគាំទ្រ និងអភិវឌ្ឍសមត្ថភាព តាមតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កម្មវិធីនេះ ក៏បានផ្តោតលើគោលដៅពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានផ្ទេរមុខងារសំខាន់ៗជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍដោយចីរភាព។

ឯកឧត្តម ជា សុមេធី បានថ្លែងថា កន្លងមក រដ្ឋបាលក្រុង -ស្រុក និងមន្ទីរ អង្គភាពជំនាញ បានខិតខំប្រឹងប្រែងក្នុងការចាត់ចែង គ្រប់គ្រង និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមលើការគ្រប់គ្រងសំរាមសំណល់រឹងតាមទីប្រជុំជននិងបានលើកកម្ពស់ការ យល់ដឹងសាធារណៈ ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំ និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាននៅក្នុងទីប្រជុំជនឲ្យបានល្អប្រសើរ។

ឯកឧត្តម បន្តទៀតថា ក្នុងការអនុវត្តលើការងារបរិស្ថាន អនាម័យ នៅតាមទីប្រជុំជន ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានផ្ទេរមុខងារតាមបែបប្រតិភូកម្ម មកថ្នាក់ក្រោមជាតិចំនួន០៥ រួមមាន៖ ១- ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្រុង និងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធទឹកកខ្វក់ ២- ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុង ស្រុក ៣- ការធ្វើប្រតិភូកម្មមុខងារ ការ គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំសង្កាត់ ៤- ការធ្វើប្រតិភូកម្មមុខងារការបញ្ញាបភាពធន់នឹង អាកាសធាតុជូនទៅក្រុង ស្រុក ៥- ការធ្វើប្រតិភូកម្មមុខងារការពង្រឹងការងារអប់រំបរិស្ថានជូនរដ្ឋបាល រាជធានី ខេត្ត៕