ក្រសួងទេសចរណ៍ ពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុងខេត្តស្វាយរៀង នាសប្តាហ៍នេះ។

ឯកឧត្តម  ហោ សារុន បានលើកឡើងថា ក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស លោករីករាយរីករាយយ៉ាងក្រៃលែងដែលបានចូលរួមបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងក្នុង ដំណាក់ កាលកូវីដ-១៩ ដោយមានកិច្ចសហការខ្ពស់ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍រដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីមន្ត្រីស្នាក់ការប្រចាំការច្រកទ្វារ មន្ត្រីអន្តោប្រវេសន៍ មន្ត្រីគយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក មន្រ្តី មន្ទីរ ទេសចរណ៍ខេត្ត មន្ត្រីសាលាស្រុក និងមន្ត្រីនគរបាលស្រុកកំពង់រាទិ៍សរុប៦០នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារ កិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលជាច្រកទ្វារសេដ្ឋកិច្ចនិង ទេសចរណ៍មួយយ៉ាង សំខាន់ ដោយធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ទេសចរឱ្យបានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសន្តិ សុខសុវត្ថិភាពទេសចរតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។

ឯកឧត្តមថា នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតនៅបណ្តាប្រទេសជាច្រើនលើសកល លោកបានធ្វើឱ្យវិស័យទេសចរណ៍ វិស័យធ្វើដំណើរ វិស័យដឹកជញ្ជូន ឆ្លងកាត់ព្រំដែនមានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ១,៣លាននាក់ ថយចុះ -៨០,២% ធៀបនឹងឆ្នាំ២០១៩ កន្លងទៅភ្ញៀវទេសចរក្នុងស្រុកធ្លាក់ក្នុងរង្វង់ប្រមាណ២០% ជាមួយការបាត់បង់ប្រាក់ ចំណូលប្រមាណ ៣ប៊ីលានដុល្លារ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងបាននិងកំពុងរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនៅក្នុងបរិបទនេះ យើងត្រូវចេះរស់នៅធម្មតា តាមគន្លងថ្មី ដោយប្រកាន់យករួមាន៖

*ទី១៖ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ
*ទី២៖ លាងដៃនឹងសាប៊ូ អាល់កុល
*ទី៣៖ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី ១ម៉ែត្រកន្លះ ឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង ព្រមទាំងត្រូវអនុវត្ត៣កុំ៖

*កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល
*កុំទៅកន្លែងមនុស្សច្រើនកុះករ
*កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាកុំឱបគ្នាជាដើម ពេលជួបគ្នាអ្នកមាន ផ្តាសាយឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម។

ឯកឧត្តម បន្តថា សម្រាប់វិស័យទេសចរណ៍នៅកម្ពុជាឯកឧត្តមបណ្ឌិត ថោង ខុន តែងតែខិតខំយកចិត្តទុកដាក់ដើម្បីធានាបាន និរន្តរភាពនៃវិស័យទេសចរណ៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រ និងសកម្មភាពឆ្លើយតបនានាដូចជា ការដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង និងការរៀបចំផែនទីចង្អុល ផ្លូវក្នុងការរៀបចំស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបែងចែកជា៣ដំណាក់កាល៖

*ទី១៖ ដំណាក់កាលទី១ (Resilience & Restart) សំដៅការគ្រប់គ្រងវិបត្តិក្នុង ដំណាក់កាល ទម្លាប់ថ្មី និងរៀបចំការស្តារទេសចរណ៍ឡើងវិញ (ឆ្នាំ២០២០-២០២១) ពីព្រោះថា វិបត្តិនេះបានផ្តល់នូវឱកាសយើង ពិចារណាឡើងវិញនូវប្រព័ន្ធ សម្រាប់ផ្តល់ឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពធន់ និងប្រកបដោយ និរន្តរភាពសម្រាប់អនាគត ហើយក្នុងដំណាក់កាលនេះ យើងត្រូវរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ឱ្យបានជាអតិបរមា។ ភាពជឿជាក់និងភាពទុកចិត្តត្រូវគិតពីដើមខ្សែដល់ចុងខ្សែ ដោយគិតចាប់ពីច្រកទ្វារអន្តរជាតិ ដែលភ្ញៀវទេសចរចូលមកកម្ពុជានិងបន្តបន្ទាប់ដល់សេវាកម្មស្នាក់នៅ ហូបចុក ធ្វើដំណើរ សកម្មភាព កម្សា ន្តនានារហូតដល់ការវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញប្រកបដោយភាពកក់ក្តៅ។

*ទី២៖ ដំណាក់កាលទី២ (Recovery) ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍ កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ឱ្យ បានជាអតិបរិមា រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗ ឱ្យស្របតាមតម្រូវការទីផ្សារ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាព កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ក្រោយវិបត្តិជំងឺកូវីដ-១៩។

*ទី៣៖ ដំណាក់កាលទី៣ (Relaunch) ការរៀបចំឆ្ពោះទៅអនាគតថ្មី (ឆ្នាំ ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជាសំដៅទាញ យកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាឱ្យបានជាអតិបរិមា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវឱ្យបានលើសមុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃវិស័យទេសចរណ៍កម្ពុជា ឱ្យមាននិរន្តរភាពគុណភាព និងវៃឆ្លាត។

ឯកឧត្តមបញ្ជាក់ថា ខ្ញុំស្នើសុំឱ្យសិក្ខាកាមទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវ ទេសចរដោយទឹកមុខញញឹម រួសរាយរាក់ទាក់ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុងការងារ ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ទប់ស្កាត់ និងបង្ការការនាំចូល វីរុសកូវីដ-១៩ ចូលមកក្នុងមកកម្ពុជា៕